កុំភ្លេចឆែកមើលខេត្តរបស់អ្នក ! កម្ពុជានឹងរងឥទ្ធិពលបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ រយៈពេល៣ថ្ងៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រកាសពីការប្រែប្រួលអាកាសធាតុ ដោយសារឥទ្ធិពលសម្ពាធទាបមកលើរបបខ្យល់មូសុងនិរតី ។ ស្ថានភាពនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០% នៅតាមតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម ៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាព អប្បបរមាក្នុងរង្វង់ ២៥°C និងអតិបរមាថេរក្នុងរង្វង់ ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយព្យ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី ។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០% នៅក្នុងបណ្តាខេត្តរួមមាន ៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ។

២. តំបន់ខ្ពង់រាប ៖សីតុណ្ហភាព អប្បបរមាក្នុងរង្វង់ ២៤°C និងអតិបរមាថេរក្នុងរង្វង់ ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០% នៅក្នុងបណ្តាខេត្តរួមមាន ៖ កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ។


៣. តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាព អប្បបរមាក្នុងរង្វង់ ២៥°C និងអតិបរមាថេរក្នុងរង្វង់ ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០% នៅក្នុងបណ្តាខេត្តរួមមាន៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ៕

ចែករំលែកព័តមាននេះ