សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឆ្មក់បង្ក្រាបទីតាំងសង្ស័យសញ្ចារកម្ម ឃាត់ខ្លួនម្ចាស់ហាង និងរំដោះនារីរងគ្រោះ៧នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឆ្មក់បង្ក្រាបទីតាំងអាហារដ្ឋានយីហោ «ម្លប់លាភត្រជាក់ចិត្ត» និងផ្ទះសំណាក់យីហោ «ហេងហេង» សង្ស័យលួចឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងធ្វើពេស្យាចារ និងរំដោះស្រីៗចំនួន៧នាក់ ក្នុងនោះ មានអនីតិជនចំនួន២នាក់ផងដែរ ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំពីលោកស្រី ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថៃ្ងទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយលោកស្រីវរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះដល់ទីតាំងអាហារដ្ឋានយីហោ «ម្លប់លាភត្រជាក់ចិត្ត» និងផ្ទះសំណាក់យីហោ «ហេងហេង» ស្ថិតនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សង្ស័យលួចឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងធ្វើពេស្យាចារ។

លោកស្រីនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការខាងលើ កម្លាំងបានរកឃើញបន្ទប់សម្រាប់ការស្នាក់នៅ និងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ សុខុម សៀប ភេទស្រី អាយុ៦០ឆ្នាំ និងបានអន្ដរាគមន៍ជួយសង្គ្រោះនារីដែលបានមករកការធ្វើនៅទីតាំងខាងលើចំនួន៧នាក់ ក្នុងនោះ រកឃើញនារីជាអានីតិជនចំនួន២នាក់ ដែលបានមកបម្រើការដោយការអូសទាញ និងធានាពីម្ចាស់ហាងផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការនាំនារីៗទាំង៧នាក់ (និងអានីតិជនចំនួន២នាក់) ព្រមទាំងម្ចាស់ហាងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់ ៕







ចែករំលែកព័តមាននេះ