សង្គ្រាមអ៊ុយក្រែន ៖ កាលពីថ្ងៃទី១៥ កក្កដា រុស្ស៊ីបានវាយប្រហារលើទីក្រុងស៊ូមី ភាគឦសានអ៊ុយក្រែន ជិតព្រំដែនរុស្ស៊ីបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួស១៧នាក់ ។

គ្រាប់បែកអាកាសបញ្ជា៦គ្រាប់ វាយប្រហារបណ្ដាទីតាំងសុខាភិបាល និងស៊ីវិល ។ បណ្ដាអ្នកពន្លត់ភ្លើងបានជួយពន្លត់បណ្ដារថយន្តដែលត្រូវភ្លើងឆេះនៅមុខមជ្ឈមណ្ឌលសុខាភិបាលមួយចំណែកបណ្ដាអ្នកជួយសង្គ្រោះបានខិតខំកាយទាញយកអ្នកនៅរស់រានមានជីវិតពីក្រោមគំនរបាក់បែក ។

នៅភាគខាងត្បូងប្រទេសមនុស្ស៣នាក់ទៀតស្លាប់ ពេលបណ្ដាមីស៊ីល និងដ្រូនរុស្ស៊ី វាយប្រហារបណ្ដាទីតាំងឧស្សាហកម្មនៅក្រុងអូដេសា បណ្ដាលឲ្យភ្លើងឆាបឆេះឃ្លាំងមួយ និងបណ្ដាលឲ្យរថយន្តកាំមីញ៉ុងច្រើនគ្រឿងរងការឆេះ និងខូចខាត។ អភិបាលតំបន់លោកអូឡេកគីព័របញ្ជាក់ថា នោះជាថ្ងៃទី៥ជាប់គ្នានៃការវាយប្រហាររួមគ្នាទាំងមីស៊ីល និងដ្រូនប្រឆាំងតំបន់អូដេសា។ ការវាយប្រហារគឺទាំងបណ្ដាទីតាំងកំពង់ផែទាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ពីការវាយប្រហារលើបណ្ដាកំពង់ផែនៅតំបន់ក្រុងអូដេសា គឹកំពង់ផែឈ័រណូម័រស្ក៍និងកំពង់ផែឌីនីប្រូប៊ូ ដែលប្រើសម្រាប់ផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន ។ រុស្ស៊ី ក៏វាយប្រហារបណ្ដាទីតាំងស្តុកប្រេងបណ្ដារោងចក្រផលិតដ្រូន និងបណ្ដានាវាផ្គត់ផ្គង់ភស្ដុភារយោធា ។ ការវាយប្រហារទាំងនោះកើតមានពេលដែលប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី URSULA VON DER LEYEN បានទៅកាន់ក្រុងគៀវ កាលពីថ្ងៃទី១៥ កក្កដា ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ។

នៅទីនោះ លោកស្រីបានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុបផលិតដ្រូនរួមគ្នានិងបង្កើនផលិតកម្មដ្រូន។ លោកស្រីថា យើងត្រូវប្រមូលផ្ដុំកម្លាំងរបស់យើង។ កិច្ចព្រមព្រៀងនេះនឹងអាចជួយដល់វិស័យវិស្វកម្មអ៊ុយក្រែននិងកម្លាំងឧស្សាហកម្មរបស់អឺរ៉ុប ៕

ចែករំលែកព័តមាននេះ