ក្នុងរដូវបិទនេសាទ សមត្ថកិច្ចបង្ក្រាបបទល្មើសបាន ៦៨ករណី និងបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ មិថុនា រហូតមកដល់ល្ងាចថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ បទល្មើសនេសាទតាមដងទន្លេ និងបឹងបួរតាមភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ កំពង់សៀម ក្រុងកំពង់ចាម ព្រៃឈរ កងមាស កោះសូទិនស្រីសន្ធរ ជើងព្រៃ និងបាធាយ ដោយបានបង្ក្រាបជាបន្តបន្ទាប់ចំនួន៦៨ករណី ក្នុងនោះ មាន៣ករណីត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ។

លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានដាក់ចេញឲ្យកម្លាំងជំនាញជលផលខិតខំយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទធ្វើយ៉ាងណាប្រសិទ្ធភាព ។
ជាមួយលោកជានាយខណ្ឌបានធ្វើសកម្មភាពនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបបទល្មើសនេសាទនៅតាមភូមិសាស្ត្រស្រុកមួយចំនួន ជាប់ដងទន្លេមេគង្គ ក្នុងនោះមានស្ទឹងត្រង់ រួមនិងតាមបណ្ដាស្រុកមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាអតីតឡូត៍នេសាទដែលមានប្រជាពលរដ្ឋខិលខូចមួយចំនួនបានបន្តសកម្មភាពលួចដាក់ស្បៃមុង ដើម្បីចាប់យកត្រីតូច-ធំ ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះបានបន្តឲ្យដឹងទៀតថា នៅក្នុងរដូវបិទនេសាទបទល្មើសបង្ក្រាបបានបន្តបន្ទាប់ចំនួន៦៨ករណី ក្នុងនោះរួមមាន៖

-៤៤ករណី ស្បៃមុងចំនួន៣១៥មាត់របាំងស្បៃមុងប្រវែង៨៥៧៩ម៉ែត្រ បង្គោលចំនួន៤៤៥០ដើម និងចាក់លែងកូនត្រីទម្ងន់៤៩៤គីឡូក្រាម ។
-១ករណីមានឧបករណ៍រ៉ាវចំនួន២មាត់របាំងរ៉ាវប្រវែង៦០ម៉ែត្រ បង្គោលចំនួន២៥ដើម និងចាក់លែងកូនត្រីពីរគីឡូក្រាម។
-៤ករណី រួមមានរួសរើសម្រាស់ចំនួន៩កន្លែងបង្គោលចំនួន៣០ដើម ។
៨ករណី រុះរើរបាំងព្រួលរាំងផ្ចិតព្រែកចំនួន១៥កន្លែង ស្មើ១៦០ម៉ែត្រ។ បង្គោលចំនួន៣១២ដើម លូស្បៃមុងចំនួន៧មាត់និងចាក់លែងកូនត្រី១២គីឡូក្រាម។
២ករណី រួមមានឧបករណ៍ដាយចំនួន ៣មាត់ ។
៥ករណី រួមមានឧបករណ៍ឆក់ត្រីចំនួន៧ គ្រឿងនិងត្រី២គីឡូក្រាម។

១ករណី រួមមានបង្គោលលបប្រើស១០០ ចំនួន៧៥ដើម កានចំនួន ៥០កាននិងចាក់លែងកូនត្រីចម្រុះ៧គីឡូក្រាម ។
បញ្ជូនវត្ថុតាមបទល្មើសទៅតុលាការចំនួន៣ករណីក្នុងនោះមាន៖
១ករណី រួមមានឃាត់ចាប់ការរក្សាទុកឧបករណ៍ឆក់ត្រីក្នុងគោលបំណង ដើម្បីធ្វើការនេសាទខុសច្បាប់ចំនួនមួយគ្រឿង (ក្នុងនោះ បញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការ)។
២ករណី រួមមានចាប់ឃាត់ឧបករណ៍ឆក់ត្រីចំនួន១៨គ្រឿងពីបទផលិតទិញ ឬលក់ឧបករណ៍ឆក់ត្រី (បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្ត) ។
នាយខណ្ឌជលផលបានបញ្ជាក់ថា បើគិតរយៈពេលដូចគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទប្រៀបធៀបជាមួយឆ្នាំ២០២៥កន្លងទៅ ឃើញថា បទល្មើសមានការថយចុះ នេះដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរដែនដីដែលមានការចូលរួមពីកម្លាំងនគរបាលនិងអាវុធហត្ថ ។


ចែករំលែកព័តមាននេះ