ផ្លូវជាតិលេខ ៧១C ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មរវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្រស់ផ្លូវជាតិលេខ ៧១C ក្រោយពេលរាជរដ្ឋាភិបាលដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ។ ផ្លូវជាតិលេខ ៧១C មានប្រវែងជាង ១១៤គីឡូម៉ែត្រ ដែលជាហិរញ្ញប្បទានសម្បទានថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងត្រូវបានសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ កន្លងមកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

យោងតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ផ្លូវជាតិលេខ ៧១C បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា ។

លោក ផន រឹម ឱ្យដឹងទៀតថា ផ្លូវជាតិលេខ ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ផ្លូវលេខ ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ ។
ខ្សែផ្លូវជាតិនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ៕

ចែករំលែកព័តមាននេះ