ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចកលថៅកែស្រី ៖ បើកហាងបិទបាំងមុខរបរពិត តែលួចបង្ក.ប់សេវាកម្សាន្ត និងអូសទាញក្មេងស្រីអនីតិជន

3 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​អាហារ​ដ្ឋា​ន និង​ផ្ទះសំណាក់​មួយ​កន្លែង ដែល​សង្ស័យ​ថា បាន​លួចលាក់​បើក​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម និង​ផ្តល់​ទីតាំង​ធ្វើ​ពេស្យាចារ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ និង​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​បាន​ចំនួន​៧​នាក់​។

ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ​ថា ៖ ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ដឹកនាំ​ពី​លោកស្រី ឧត្ដមសេនីយ៍ត្រី ងិ​ន សុ​គ​ន្ធា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ បាន​ចុះ​ដល់ទី​តាំង​អាហារ​ដ្ឋា​ន​យីហោ​ម្លប់​លាភ​ត្រជាក់ចិត្ត និង​ផ្ទះសំណាក់​យីហោ ហេង​ហេង ស្ថិត​នៅ​ភូមិ​ទឹក​លង​២ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ សង្ស័យ​លួច​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម និង​ផ្តល់​ទីតាំង​ធ្វើ​ពេស្យាចារ ។

លោកស្រី នាយការិយាល័យ បាន​បញ្ជាក់​ក្នុង​ប្រតិបត្ដិការ​ខាងលើ កម្លាំង​បាន​រក​ឃើញ​បន្ទប់​សម្រាប់​ការ​ស្នាក់​នៅ និង​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ សុខុម សៀ​ប ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​បាន​អន្ដរាគមន៍​ជួយ​សង្គ្រោះ​នារី ដែល​បាន​មក​រក​ការ​ធ្វើ​នៅ​ទីតាំង​ខាងលើ ចំនួន​៧​នាក់ ក្នុង​នោះ​រក​ឃើញ​នារី​ជា​អនីតិជន​២​នាក់ ដែល​បាន​មក​បម្រើ​ការ​ដោយ​ការ​អូស​ទាញ និង​ធានា​ពី​ម្ចាស់​ហាង ។

បច្ចុប្បន្ន​សមត្ថកិច្ច បាន​ធ្វើការ នាំ​នារី​ទាំង​៧​នាក់ (​អនីតិជន ២​នាក់​) និង​ម្ចាស់​ហាង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕