ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អ្នកវិភាគ​ ៖ ​ច្រក​ជាំ​សា​ង៊ាំ តុល្យភាព​អំណាច​តំបន់ និង​ក្រឡា​អុក​ការទូត​យុទ្ធសាស្ត្រ​របស់​កម្ពុជាតាម​ទស្សនៈ​រដ្ឋ​តូច

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​ញិ​ល រ​ដ្ឋា អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​អន្តរជាតិ បាន​លើក​ឡើង​ថា តាម​ក្រសែភ្នែក​ភូមិសាស្ត្រ​នយោបាយ ជំនួប​កម្រិត​បច្ចេកទេស​/​យោធា​ជួរ​មុខ (RBC) ក្រៅផ្លូវការ​នៅ​ច្រក​ជាំ​-​សា​ង៊ាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០ ២៦ មិនមែន​ជា​ការ​ជួប​គ្នា​ធម្មតា​ៗ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សញ្ញាណ​សំខាន់​ៗ​ចំនួន​៣ នៃ​យុទ្ធសាស្ត្រ​ការទូត​ស្ងប់ស្ងាត់ និង​តុល្យភាព​អំណាច ។

យោង​តាម​បណ្តាញ​សង្គម​លោក​បណ្ឌិត ញ៉ិល រ​ដ្ឋា បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់​ការ​ផ្ទុះអាវុធ​ដោយ​អ​ចេតនា ការ​ដែល​ភាគី​ទាំង​ពីរ​ជ្រើសរើស​ជួប​គ្នា «​ក្រៅផ្លូវការ​» និង «​ទាន់​ពេលវេលា​» បង្ហាញ​ថា ស្ថានភាព​នៅ​ជួរ​មុខ​មាន​ភាព​រកាំរកូស​ខ្លាំង (​មាន​ហេតុការណ៍​បាញ់ បោះ និង​ការ​បង្ក​ផ្ទុះ​) ។

ជំនួប​នេះ​ដើរតួ​ជា​«​វ៉ាល់​ដកដង្ហើម​» (Breathing Valve) ឬ​ជា​បន្ទាត់​ទូរស័ព្ទ​ក្រហម យោធា ដើម្បី​ធានា​ថា​ការ​ប៉ះទង្គិច​កម្រិត​តូចតាច មិន​រីក​រាលដាល​ទៅ​ជា​សង្គ្រាម​ព្រំដែន​ខ្នាត​ធំ ។ លោក​ថា​ការទូត​ការពារ​ខ្លួន​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា ខ្លឹមសារ​នៃ​ការ​ជួប​នេះ​បង្ហាញ​ថា កម្ពុជា​ក្តោប​ក្តាប់​បាន​នូវ​ភស្តុ​តាង​ជាក់ស្តែង​នៃ «​យុទ្ធសាស្ត្រ​វាតទី​និយម​កម្រិត​ស្រាល​» របស់​យោធា​ជួរ​មុខ​ថៃ (Salami-slicing tactics) តាម​រយៈ​ការ​ឈូស​ឆាយ​ផ្លូវ ពង្រីក​ភូមិសាស្ត្រ និង​រាយ​បន្លា​លួស​ក្នុង​ដី​ខ្មែរ ។ កម្ពុជា​បាន​ប្រើប្រាស់​ជំនួប​នេះ​ដើម្បី «​គូសបន្ទាត់​ក្រហម​» ឱ្យ​ថៃ​ដឹងខ្លួន និង​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។

ចំណែក ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ព័ត៌មាន​ជា​ចំណុច ដែល​កម្ពុជា​ស្នើ​ឱ្យ​រួម​គ្នា​ទប់ស្កាត់ «​ព័ត៌មាន​ក្លែងក្លាយ​អុជអាល​» បង្ហាញ​ថា​ភាគី​ទាំង​ពីរ​ព្រួយបារម្ភ​ពី «​ចរន្ត​ជាតិនិយម​ជ្រុល​» លើ​បណ្តាញ​សង្គម (​ដូច​ជា X ឬ Facebook) ដែល​អាច​ដុត​កំហឹង​សាធារណជន និង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ងាយ​បាត់បង់​ម្ចាស់​ការ​លើ​ការ​គ្រប់គ្រង​ស្ថានការណ៍​ការទូត ។

លោក​ថា ទស្សនៈ​រដ្ឋ​តូច​ក្នុង​យុទ្ធសាស្ត្រ​ការទូត​ស្វែងរក​ការ​រស់រាន និង​ការពារ​អធិបតេយ្យ​នៅ​ក្នុង​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ រដ្ឋ​តូច​តែងតែ​ជួប​ប្រឈម​នឹង​ឱនភាព​អំណាច (Power Asymmetry) ធៀប​នឹង​រដ្ឋ​ជិតខាង​ដែល​មាន​ទំហំ​ទឹកដី និង​កម្លាំងយោធា​ធំ​ជាង ។ ក្នុង​បរិបទ​នេះ​យុទ្ធសាស្ត្រ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី «​សិល្បៈ​នៃ​ការ​រស់រាន និង​ការទូត​ការពារ​ខ្លួន​របស់​រដ្ឋ​តូច​» តាម​រយៈ​មធ្យោបាយ​សំខាន់​ៗ ៖​យុទ្ធសាស្ត្រ​ចងសម្ព័ន្ធភាព​ពហុ​ទិស​ដៅ និង​រក្សា​តុល្យភាព (Hedging Strategy)៖ រដ្ឋ​តូច​ដែល​ឆ្លាត​វៃ​មិន​ដែល​ដាក់​ពងមាន់​ទាំងអស់​ក្នុង​កន្ត្រក​តែ​មួយ​ឡើយ ។

កម្ពុជា​ពង្រឹង​ទំនាក់ទំនង​ដែកថែប​ជាមួយ​មហាអំណាច​ចិន ដើម្បី​បង្កើត​ជា «​ខែល​ការពារ​យុទ្ធសាស្ត្រ​» ពី​ចម្ងាយ ស្រប​ពេល​ដែល​ព្យាយាម​រក្សា​ទំនាក់ទំនង​ទ្វេភាគី​កម្រិត​ធម្មតា និង​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ជិតខាង (​ថៃ និង​វៀតណាម​) ។ យុទ្ធសាស្ត្រ​នេះ ជួយ​កម្ពុជា​ឱ្យ​ជៀស​ផុត​ពី​ការ​គាបសង្កត់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ពី​ប្រទេស​ជិតខាង​ដែល​មាន​ឥទ្ធិពល​ធំ​ជាង ។

ការ​លើកកម្ពស់​ច្បាប់​អន្តរជាតិ (Rule-Based Order) ដោយសារ​ខ្វះខាត​កម្លាំងយោធា​បង្ខិតបង្ខំ​ខ្នាត​ធំ រដ្ឋ​តូច​តែងតែ​យោង​ទៅ​លើ «​ច្បាប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជា​ធរមាន​» ដើម្បី​ការពារ​ខ្លួន ។ ក្នុង​ជំនួប​ជាំ​-​សា​ង៊ាំ កម្ពុជា​បាន​ទទូច​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​អនុវត្ត​តាម​យន្តការ​រួម​ដែល​មាន​ស្រាប់ និង​ការ​ចុះ​វាស់វែង​ព្រំដែន​ផ្លូវការ (JBC) ។ នេះ​គឺជា​ការ​ប្រើប្រាស់ «​អំណាច​ទន់​» និង​ខែល​ច្បាប់ ដើម្បី​ទប់ទល់​នឹង «​អំណាច​រឹង​» របស់​ភាគី​ម្ខាង​ទៀត​។

លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ថា​ទិ​ដ្ឋ​ភព​យោធា និង​ព័ត៌មាន​ជំនួប​នេះ​គឺ ជា​គំរូ​ជាក់ស្តែង​នៃ​ការ​អនុវត្ត «​ការ​គ្រប់គ្រង​វិបត្តិ​ជួរ​មុខ​» ។ យុទ្ធសាស្ត្រ «​បន្ទន់​កម្ដៅ​»៖ ការ​សម្របសម្រួល​រវាង​ក្រុម​លេខាធិការដ្ឋាន RBC នៃ​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ភ្លាម​ៗ ។ សកម្មភាព​ឯកតោភាគី​របស់​ថៃ​ត្រូវ​បាន​ដោះស្រាយ​តាម​ការ​ចរចា​ការទូត​យោធា ដោយ​មិន​បណ្តោយ​ឱ្យ​កម្លាំងប្រដាប់អាវុធ​ទាំង​សងខាង​យល់​ច្រឡំ​គ្នា​ឡើយ​។

សមរភូមិ​ព័ត៌មាន​៖ ការ​ព្រមព្រៀង​ផ្ទៀងផ្ទាត់​រាល់​ហេតុការណ៍​បាញ់បោះ គឺជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត (Fake News) ដែល​អាច​ដុត​កំហឹង​ជាតិនិយម​ជ្រុល​របស់​មហាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ចំណ​ឯក​ទិដ្ឋភាព​សេដ្ឋកិច្ច និង​ច្បាប់ នៅ​ពីក្រោយ​ការ​សម្របសម្រួល​ផ្នែក​យោធា គឺ​ការ​រក្សា​លំនឹង​ជីវភាព​ប្រជាជន និង​ខែល​ច្បាប់​។ ខែល​ការពារ​សន្តិភាព​តាម​ផ្លូវច្បាប់ កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ទ្វេភាគី​យ៉ាង​រឹង​មាំ ដោយ​យក «​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥» (GBC) និង «​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥» មក​ធ្វើ​ជា​ម៉ែត្រ​វាស់​ច្បាប់​រួម​គ្នា​។ នេះ​ជា​ការ​បញ្ជាក់​ថា កម្ពុជា​មិន​ដែល​ដើរ​ចេញពី​តុ​ចរចា​ឡើយ ប៉ុន្តែ​ទាមទារ​ឱ្យ​គណៈ​ក​ម្មា​ការ​ចម្រុះ JBC ចាប់ផ្តើម​វាស់វែង​និង​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក​ឱ្យ​បាន​ឆាប់​បំផុត​។

លំនឹង​សេដ្ឋកិច្ច​តាម​ព្រំដែន ៖ ច្រក​ជាំ​-​សា​ង៊ាំ គឺជា​សរសៃឈាម​ពាណិជ្ជកម្ម និង​ទេសចរណ៍​ដ៏​សំខាន់​រវាង​ខេត្តឧត្តរមានជ័យ និង​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​ថៃ​។ ការ​រក្សា​បាន​នូវ​របាំង​សន្តិភាព​តាម​រយៈ​ជំនួប RBC នេះ ជួយ​សម្រាល​សម្ពាធ​ផ្លូវចិត្ត និង​ធានា​ថា​ជីវភាព រស់នៅ ការ​ដោះ​ដូរ​ទំនិញ​កសិកម្ម និង​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​នៅ​តែ​បន្ត​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​ការ​បង្កក​ស្ទះ ៕