ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងអ៉ីរ៉ង់-អាមេរិកផ្ទុះឡើងជាថ្មី៖ ការវាយប្រហារបន្តបន្ទាប់ និងការគំរាមកំហែងបិទច្រកសមុទ្រហ័រមូស

36 នាទី មុន

សង្គ្រាម​អ៉ិ​រ៉​ង់ ៖ ផ្ទាំង​បដា​ដ៏​ធំ​មួយ មាន​រូប​លោក​ត្រាំ​ក្នុង​មឈូស​ ត្រូវ​បាន​គេ​ដាក់​តាំងនៅ​កណ្ដាល​ក្រុង​តេ​ហេ​រ៉​ង់ ដែល​នោះ​ជា​តំណាង​នៃ​ការ​កើនឡើង​ខ្លាំង​បំផុត ភាព​តានតឹង​រវាងអ៉ី​រ៉​ង់​ និង​អា​មេ​រិ​ក ​។ នៅ​លើ​ទីលាន​ កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា អ៉ី​រ៉​ង់​ទទួល​រង​រលក​នៃ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អា​មេ​រិ​ក បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​បិទ​ខ្ទប់​ជា​ថ្មី បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់​ដែល​បែប​នោះ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​វិញ​នៃ​សង្គ្រាម​រវាង​គូសត្រូវ​ទាំង​២ ​។ ជិត​មួយ​ខែ​ ក្រោយ​ការ​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​សំដៅ​បញ្ចប់សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាគូសត្រូវ​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​ជា​ថ្មី ដោយ​វាយប្រហារ​បណ្ដា​គោលដៅ​ក្នុង​តំបន់​ទាំងមូល​។

បដិវត្តន៍​អ៉ី​រ៉​ង់​ថ្លែង​ថា បាន​វាយប្រហារ​លើ​មូលដ្ឋាន​កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក​នៅ​បា​រ៉ែ​ន កន្លែង​ដែល​កងទ័ព​ប្រទេស​នេះ​គូសបញ្ជាក់​ថា បាន​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ និង​ដ្រូ​ន ដែល​វាយប្រហារ​សំដៅលើ​បណ្ដា​គោលដៅ​ស៊ីវិល​។ ចំណែក​កងទ័ព​ហ្ស៊​ក​ដា​នី​អះអាង​ថា បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​៣​គ្រាប់​បាញ់​ចេញពី​អ៉ី​រ៉​ង់​។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ព្រមាន​ថា លោក​នឹង​ពង្រីក​ការ​វាយប្រហា​រនាស​ប្ដា​ហ៍​ខាង​មុខ​នេះ សំដៅលើ​បណ្ដា​មជ្ឈមណ្ឌល​អគ្គិសនី​ និង​ស្ពានអ៉ី​រ៉​ង់ ប្រសិនបើ​អ៉ី​​រ៉​ង់​មិន​ព្រម​វិល​មក​រក​តុ​ចរចា​វិញ​ទេ​នោះ​ ។ លោក​ថ្លែង​តាម​ទូរទស្សន៍​FOX NEWS ថា ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ សភាពការណ៍​នឹង​ពិតជា​អាក្រក់​សម្រាប់​អ៉ី​រ៉​ង់​។​​ ទោះបី​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​ថ្មី​ក៏​ដោយ ការ​ចរចា​ធ្វើ​ឡើង ​ក្រោម​អាជ្ញាកណ្ដាល​មួយ រវាង​ភាគី​ទាំង​២​ ក៏​មិន​ទាន់​ត្រូវ​បញ្ចប់​ជា​ផ្លូវ​ការណ៍​ដែរ​ ។ ចំណុច​ស្នូល​នៃ​ការ​ប្រទូស្ត​
រ៉ា​យ​គ្នា​ជា​ថ្មី​ទាក់ទិន​នឹង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

អ៉ី​រ៉​ង់​បាន​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ ចាប់តាំងពី​មានការ​វាយប្រហារ​ខ្លាំងក្លា​របស់​អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ មក ហើយ​រយៈពេល​ជា​ច្រើន​ខៃ​ចាត់​ទុក​ថា​ ជា​មធ្យោបាយ​គាបសង្កត់ ប្រឆាំង​សត្រូវ​មុន​ពេល​បើក​វិញ​ក្នុង​រយៈពេល​ខ្លី រួច​មក​ប្រកាស​បិទ​វិញ​រហូត​ដល់​អា​មេ​រិ​ក​បញ្ចប់​ការ​ឈ្លានពាន​របស់​ខ្លួន​ ។ ចំណែក​អា​មេ​រិ​ក​ ក៏​បាន​បិទ​ឡើង​វិញ​ដែរ​។ លោក​ត្រាំ​បែរមក​ផ្លាស់​ប្ដូរ ដោយ​គ្រោង​យកពន្ធ​២០%​ពី​បណ្ដា​នាវា ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ​។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​វិញ ​ការ​វាយប្រហារ​គ្នា ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ថ្លែង​ថា បាន​វាយប្រហារ​ខ្លាំង​រលក​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ថែម​ទៀត​ ដល់​សមត្ថភាព​យោធា ដែល​កងទ័ព​អ៉ី​រ៉​ង់​ប្រើ វាយប្រហារ​បណ្ដា​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ បណ្ដា​សារព័ត៌​មានអ៉ី​​រ៉​ង់​រៀបរាប់​ពី​ការ​ផ្ទុះ​នានា​ នៅ​ជិត​ទីក្រុង​កំពង់​ផែ​បាន​ដា​អាប់​បាស់ លើ​កោះ​QESHM និង​នៅ​ទីក្រុង​បាន​ដា​អ៉ី​ម៉ា​ម​ខា​មេ​នី​។ បន្ទាប់​មក​សារព័ត៌មាន​ទាំងនោះ​រៀបរាប់​ពី​ការ​វាយប្រហារ​ថ្មី​ៗ​របស់​អា​មេ​រិ​ក លើ​ទីក្រុង​កំពង់​ផែ BUSHER​ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះ​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ី​វិល​តែ​មួយ​គត់​របស់​អ៉ី​រ៉​ង់ ។

នៅ​ក្រុង​តេ​ហេ​រ៉​ង់​វិញ ​ទោះ​មានការ​វិល​ត្រឡប់​មក​វិញ​នៃ​ជម្លោះ ក៏​ប្រជាជន​ហាក់​មិន​ខ្លាច​នៅ​តែ​លើកគ្នា​មក​កាន់​បណ្ដា​ហាង​កាហ្វេ តាមដាន​ការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​ពិភពលោក​ ។ នាវា​ដឹក​ប្រេង​ន័​រ​វែ​ស​មួយ​គ្រឿង​រង​ការ​វាយប្រហារ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​អូ​ម់ង់ កាលពី​ព្រឹក​ថ្ងៃទី ​១៤ ​កក្កដា​។ គុយ​វ៉ែត​និយាយ​ថា​នាវាចម្បាំង​របស់​ខ្លួន​១​គ្រឿង រង​ការ​វាយប្រហារ​ដោយ​មិ​ស៊ី​ល​ និង​ដ្រូ​នអ៉ីរ៉ង់​បណ្ដាល​ឲ្យ​នាវិក​៤​នាក់​រង​របួស​៕