ប្រទេសថៃ ៖ ប៉ូលិសថៃកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងថាបានចាប់ខ្លួនអ្នកគ្រប់គ្រងក្លិបហាត់ប្រដាល់មួយថៃ (Muay Thai) ម្នាក់ពីបទជួញដូរបណ្តាក្មេងប្រុសមិនទាន់គ្រប់អាយុឱ្យបម្រើផ្លូវភេទ និងកំពុងតាមចាប់ខ្លួនបុរសជនជាតិន័រវេសម្នាក់ទៀត ដែលមានការពាក់ព័ន្ធផងដែរ។ នេះបើតាមប្រភពពី AFP និង South China Morning Post បានចេញផ្សាយ។
អគ្គស្នងការដ្ឋានស៊ើបអង្កេតកណ្តាលរបស់ថៃ (CIB) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងប៉ូលិសបានចុះបង្ក្រាបក្លិបហាត់ប្រដាល់ពេលថ្ងៃ១កន្លែង ស្ថិតក្នុងខេត្តរ៉ាក់យ៉ង (Rayong) កាលពីថ្ងៃទី៧ ខែកក្កដា ហើយបានសង្គ្រោះក្មេងប្រុស១២នាក់ឱ្យយកស្ថិតក្រោមការការពារ។
សេចក្តីថ្លែងការណ៍បានបន្តថា អ្នកគ្រប់គ្រងវ័យ២៨ឆ្នាំរូបនោះ បានសារភាពចំពោះការចោទប្រកាន់ពីបទជួញដូរអនីតិជនអាយុក្រោម១៨ឆ្នាំ ដើម្បីកេងប្រវ័ញ្ចផ្លូវភេទ និងដើរតួជាឈ្មួញកណ្តាលនាំយកអ្នកប្រដាល់វ័យក្មេងមួយចំនួន ទៅឱ្យអតិថិជនជាបុរសដើម្បីបម្រើសេវាកម្មផ្លូវភេទ។
អ្នកគ្រប់គ្រងដែលត្រូវបានស្គាល់ឈ្មោះថា Narubet Nilthai ត្រូវបានចាប់ខ្លួននៅទីតាំងមួយផ្សេងដាច់ដោយឡែកពីក្លិបប្រដាល់នោះក្នុងថ្ងៃដដែល បន្ទាប់ពីភ្នាក់ងារសម្ងាត់បានក្លែងខ្លួនជាអតិថិជនស្វែងរកសេវាកម្មផ្លូវភេទពីក្មេងប្រុស៣នាក់ អាយុ ១៣ឆ្នាំ ១៥ឆ្នាំ និង១៦ឆ្នាំ។ រូបគេត្រូវបានចោទប្រកាន់ថា រៀបចំការណាត់ជួប ដោយគិតថ្លៃ ៣ ០០០ បាត ឬ ៨៩ដុល្លារអាមេរិកសម្រាប់ក្មេងប្រុសម្នាក់ ដោយខ្លួនដកយកមួយភាគបីនៃប្រាក់ទូទាត់ធ្វើជាកម្រៃជើងសារ។ អ្នកគ្រប់គ្រងរូបនោះ បានអះអាងថា បណ្តាក្មេងប្រុសដែលពាក់ព័ន្ធទាំងនោះមានបញ្ហាអាកប្បកិរិយា (ក្មេងមិនស្តាប់បង្គាប់ជាដើម) និងមកពីគ្រួសារបែកបាក់គ្នា។
ក្លិបប្រដាល់នៅក្នុងខេត្តរ៉ាក់យ៉ងនោះ ត្រូវបានរាយការណ៍ថាកំពុងតែបង្ហាត់ប្រដាល់ដល់អ្នកហាត់ជាជនជាតិថៃ និងជនបរទេសប្រមាណ ៣០ នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ នៅពេលដែលសមត្ថកិច្ចបានចុះបង្ក្រាប។
បច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួនបុរសជនជាតិន័រវែសម្នាក់ ដែលគេជឿថាជាអ្នកឧបត្ថម្ភក្លិបប្រដាល់នោះ ព្រមទាំងលេខារបស់គេផងដែរ។ ប៉ូលិសបានថ្លែងថា តាមការសាកសួរចម្លើយកុមារទាំងនោះបានប្រាប់ថា បុរសន័រវែសដែលជាអ្នកឧបត្ថម្ភក្លិបរូបនោះ ត្រូវបានស្គាល់ឈ្មោះថា គីម ជាអ្នកបង់ប្រាក់សម្រាប់ថ្លៃសម្ភារៈ អាហារហូបចុក និងការស្នាក់នៅដល់ពួកគេ ដើម្បីដោះដូរនឹងសេវាផ្លូវភេទ។ រឿងដ៏ហួសចិត្តនោះ នៅពេលដែលអាជ្ញាធរបន្តថា ឪពុកម្តាយមួយចំនួនបានដឹងពីរឿងនេះដែរ ប៉ុន្តែបែរជាលាក់បាំង មិនបានចូលរួមអន្តរាគមន៍ ឬទប់ស្កាត់នោះទេ។
នៅក្រោមច្បាប់របស់ប្រទេសថៃ អ្នកដែលត្រូវបានកាត់ទោសពីបទជួញដូរមនុស្ស នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់បទល្មើសនីមួយៗ ហើយនឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងនេះ ចំពោះបទល្មើសណាពាក់ព័ន្ធនឹងអនីតិជន៕


ចែករំលែកព័តមាននេះ