ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិននឹងចាប់ដៃគូជាមួយកម្ពុជា គ្រោងបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេតនៅកម្ពុជា

57 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Haier Group បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ដំឡើង​ឧបករណ៍​ថេ​ប្លេ​ត (Tablet) ដំបូង​គេ​នៅ​កម្ពុជា ដែល​ការណ៍​នេះ​ត្រូវ​បាន​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា នឹង​ចូលរួម​ចំណែក​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ។

ក្នុង​ឱកាស​សម្តេច​ធិ​បតី អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ លោក Diao Yunfeng អនុប្រធាន​ក្រុមហ៊ុន Haier Group បាន​លើក​ឡើង​ពី​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​មួយ ក្នុង​ពិភពលោក​ក្នុង​ការ​ផលិត និង​ផ្តល់​ឧបករណ៍ និង​សម្ភារៈ​សម្រាប់​ការ​រស់នៅ​ឆ្លាត​វៃ និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ។

បច្ចុប្បន្ន​នេះ​, ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​ជាង​៦០​ប្រទេស និង​មាន​អ្នក​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ប្រមាណ​៤៤​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ។ បន្ថែម​ពី​នេះ អនុប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​សម្តេច​ធិ​បតី អំពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​គូសបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បង្កើត​រោងចក្រ​ដំឡើង​ឧបករណ៍​ថេ​ប្លេ​ត ក្នុង​គោលបំណង​ផ្តល់​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ថេ​ប្លេ​ត​ដែល​មាន​តម្លៃ​សមរម្យ ទៅ​ដល់​សិស្ស​-​និស្សិត ក៏​ដូច​ជា អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវ​ការ​ប្រើប្រាស់​សម្ភារៈ​ឌី​ជី​ថ​ល និង​ការ​សិក្សា​ពី​ចម្ងាយ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ព្រមទាំង​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់​ការ​គាំទ្រ ព្រមទាំង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ភាព​ជោគជ័យ​នៃ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ។

បន្ថែម​លើ​នេះ​សម្តេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​ផលិត​ថេ​ប្លេ​ត​(Tablet) តម្លៃ​សមរម្យ ដែល​ការណ៍​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​របស់​ខ្លួន ក៏​ដូច​ជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​យក​ឱកាស និង​អត្ថប្រយោជន៍​ពី​គោលនយោបាយ​លើកទឹកចិត្ត​ទាំងនោះ​ក្នុង​ការ​ជំរុញ និង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​កម្ពុជា​៕