ក្រសួងសុខាភិបាលរឹតបន្តឹងការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង
- ភ្នំពេញ
ក្រសួងសុខាភិបាល កំពុងបង្កើនការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងពង្រឹងការផ្សព្វផ្សាយអប់រំសាធារណៈអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព ។

ក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងយន្តការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យកាន់តែមានប្រសិទ្ធភាព ។

លោកស្រីបានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងសង្គម ដូច្នេះការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង គឺជាវិធានការបង្ការដ៏សំខាន់ ដើម្បីកាត់បន្ថយជំងឺ ការរងរបួស និងបញ្ហាសង្គមដែលពាក់ព័ន្ធនឹងការផឹកស្រា។
កិច្ចប្រជុំក៏បានផ្តោតលើការបន្តពង្រឹងក្រុមការងារ និងជំរុញយុទ្ធនាការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង និងចូលរួមការពារសុខភាពរបស់ខ្លួន និងគ្រួសារ។

ការបន្តពង្រឹងការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ត្រូវបានចាត់ទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយហានិភ័យសុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង និងកសាងសង្គមដែលមានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលការប្រើប្រាស់គ្រឿងស្រវឹងនៅពេលនេះកំពុងតែក្លាយជាបញ្ហាសង្គមដ៏រសើបមួយ ៕
ចែករំលែកព័តមាននេះ