ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​សូទ្រនិគម និងព្រះសង្ឃ រួម​ទាំង​ប្រជាពលរដ្ឋ​ នាំ​យក​ស្បៀងអាហារ ​ជូន​​វីរៈកងទ័ព​ជួរ​មុខ ក្នុងភូមិ​សាស្ត្រ​​ខេត្តឧត្តរមានជ័យ

2 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្នុង​ស្មារតី​សាមគ្គី​ជាតិខ្មែរ​តែ​មួយ និង ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​។ ព្រះ​តេជៈគុណ សង្ឃ​បា​លិ​តោ លន់ សំ​ប៊ី ព្រះ​សុម​ហ៍​អនុគណ​ស្រុក​សូទ្រនិគម ចៅអធិការ វត្ត​មុន​ធ្យាន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ បាន​រៀបចំ​ស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ជា​ច្រើន​មុខ​រួម​ជាមួយ​ថវិកា ដែល​បាន​មក​ពី​រដ្ឋបាល​ស្រុក​សូទ្រនិគម និង ពុទ្ធបរិស័ទ ទៅ​ជូន​ដល់​កងទ័ព​នៅ​ជួរ​មុខ ដែល​ឈរជើង​ការពារ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តឧត្តរមានជ័យ​។​

ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​មន្ត្រី​សង្ឃ​ស្រុក និង​ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប និង​ពុទ្ធបរិស័ទ​ជា​ច្រើន​រូប​ទៀត​។​ ​ព្រះ​តេជៈគុណ លន់ សំ​ប៊ី បាន​មាន​សង្ឃដីកា​រថា សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ ធ្វើ​ឡើង​ក្រោម​ទឹកចិត្ត «​សមរភូមិ​ក្រោយ ជួយ​សមរភូមិ​មុខ​» ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​ជា​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​កងទ័ព ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ហាលខ្យល់​ហាលភ្លៀង យាម ល្បាត​ការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់អាច​ក្លាហាន​។

ព្រះ​តេជគុណ​បាន​បន្ត​ថា «​ទោះបី​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម​ក្នុង​សមរភូមិ​ក្រោយ ពិតមែន ប៉ុន្តែ​បេះដូង និង ស្មារតី​របស់​ព្រះ សង្ឃ និង​ញាតិ​ញោម​ពុទ្ធបរិស័ទ គឺ​តែងតែ​នៅ​ជាប់​ជាមួយ​បងប្អូន កងទ័ព​ជួរ​មុខជា​និច្ច​។ ការ​នាំ​យក​ទេយ្យទាន និង​ស្បៀងអាហារ​មក​នា​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ថា កងទ័ព​មិន​នៅ​ឯកោ​ឡើយ មាតុភូមិ​ទាំងមូល​នៅ​ពីក្រោយ​ខ្នង​បងប្អូន​ជា​និច្ច​»​។

ក្នុង​នោះ​ដែរ លោកស្រី ហេង ប៊ុ​ន​វុ​ទ្ធី នាយករង​រដ្ឋបាល​ស្រុក​សូទ្រនិគម បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​លះបង់ កម្លាំងកាយ ចិត្ត និង​ស្មារតី​របស់​វី​រៈង​ទ័ព ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​គិត​ពី​ការ​នឿយហត់​។ លោកស្រី បន្ត​ថា សាម​គ្គី​ភាព​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ​៖ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ផ្នែក​ស្មារតី​យ៉ាង​រឹង​មាំ​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋា​ន ផ្ញើ​ជូន​ទៅ​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​។

តំណាង​កងទ័ព​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ខេត្តសៀមរាប​។ ទឹកចិត្ត និង​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ មិន​ត្រឹមតែ​ជា​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ស្បៀងអាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា «​ឱសថ​ផ្លូវចិត្ត​» ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​ធ្វើ​ឱ្យ​កងទ័ព​កាន់តែ​មាន​កម្លាំងចិត្ត និង ស្មារតី​រឹង​មាំ​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​វប្បធម៌​នៃ​ការ​ចែករំលែក ខ្មែរ​ស្រឡាញ់​ខ្មែរ និង​សាមគ្គីភាព​ជាតិ​ដ៏​រឹង​មាំ​របស់​ប្រជាជាតិ​ខ្មែរ ដែល​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ពុទ្ធចក្រ និង​អាណាចក្រ តែងតែ​ដើរ​ទន្ទឹម​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​តែ​មួយ​៕