ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ថ្លែងថាច្រកសមុទ្រហ័រម៉ូសស្ថិតនៅក្នុងបន្ទាត់ក្រហម។ បើលោកដូណាល់ត្រាំហ៊ានតែវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ អ៊ីរ៉ង់នឹងវាយប្រហារគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ឈូងសមុទ្រ។ ការថ្លែងដូច្នេះបន្ទាប់ពីយោធាអាមេរិកវាយប្រហារអ៊ីរ៉ង់ប្រាំរាត្រីជាប់គ្នា និងបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់នានាអាចបើកចេញ និងចូលកំពង់ផែរបស់អ៊ីរ៉ងបានឡើយ។ អាមេរិកអះអាងថាចំណាត់ការរបស់ខ្លួនដើម្បីបើកច្រកសមុទ្រហ័រម៉ូសឡើងវិញបន្ទាប់ពីច្រកនេះត្រូវអ៊ីរ៉ង់បិទព្រោះបទឈប់បាញ់ជាបណ្ដោះអាសន្នបានទទួលបរាជ័យហើយ។

បន្ទាប់ពីវាយប្រហារលើកទីមួយ ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសដែលមានសេចក្ដីជាអាទិ៍ថាយើងកំពុងធ្វើសង្គ្រាមដ៏ចាំបាច់ និងដើម្បីការរស់រានមានជីវិតនៃជាតិរបស់យើងទល់នឹងអាមេរិក។ ចំណែកអ្នកនាំពាក្យយោធាអ៊ីរ៉ង់ថ្លែងថាច្រកហ័រម៉ូសជាបន្ទាត់ក្រហមសម្រាប់អ៊ីរ៉ង់ដែលអ៊ីរ៉ង់ត្រូវតែគ្រប់គ្រងឱ្យបានរឹងមាំ។ លោកថ្លែងបន្តទៀតថាពួកអាមេរិកាំងគិតថានៅពេលពួកគេវាយប្រហារមូលដ្ឋានរបស់យើងនៅមាត់សមុទ្រខាងត្បូង ពួកគេអាចចូលកាន់កាប់ច្រកសមុទ្រជាយុទ្ធសាស្ត្រនេះបានហើយ។ ប៉ុន្តែអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រងច្រកនេះគ្រប់ផ្នែកទាំងអស់ដោយមិនប្រកាន់ថាជាតំបន់ឆ្នេរសមុទ្រ និងតំបន់កោះនោះទេ។

មន្ត្រីរដ្ឋាភិបាលអាមេរិកបីរូបប្រាប់ថាក្រៅពីចង់បើកច្រកហ័រម៉ូសឡើងវិញ គោលដៅនៃការវាយប្រហាររបស់យោធាខ្លួនលើកនេះក៏ដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ងផងដែរមុនពេលអាមេរិកបើកប្រតិបត្តិការកាន់តែស្មុគស្មាញជាងនេះ។ កាលពីមុននេះ យោធាអ៊ីរ៉ង់ក៏និយាយពាក់ព័ន្ធនឹងច្រកហ័រម៉ូសផងដែរ។ អ៊ីរ៉ង់ថាយើងនឹងបន្តក្រាញននាលមិនដកថយទេរហូតដល់ទីបញ្ចប់ ហើយនឹងបន្សាបឥទ្ធិពលរបស់អាមេរិកមិនឱ្យធ្វើអន្តរាគមន៍នៅក្នុងតំបន់បានឡើយ។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ថ្លែងថាបើចង់បើកច្រកហ័រម៉ូសឡើងវិញ មធ្យោបាយតែមួយគត់គឺអាមេរិកត្រូវតែអនុវត្តតាមអនុស្សារណៈយោគយល់គ្នាទាំង១៤ចំណុចដែលបានចុះហត្ថលេខាកាលពីខែមិថុនា ហើយនិងអនុវត្តតាមបទបញ្ញត្តិរបស់អ៊ីរ៉ង់ស្ដីពីការបើកបររបស់នាវានានាកាត់តាមច្រកហ័រម៉ូស។

សូមរំលឹកថាកាលពីថ្ងៃអង្គារ លោកដូណាល់ត្រាំព្រមានវាយប្រហាររោងចក្រអគ្គិសនី និងស្ពានរបស់អ៊ីរ៉ង់ចាប់ពីសប្ដាហ៍ក្រោយតទៅប្រសិនបើអ៊ីរ៉ង់មិនព្រមចូលតុចរចាទេ។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ប្រកាសថាបើលោកត្រាំហ៊ានធ្វើដូច្នេះមែន យោធាអ៊ីរ៉ង់នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ទាំងប៉ុន្មាននៅតំបន់ឈូងសមុទ្រ។ ការឆ្លើយតបលើកនេះនឹងមានសភាពកាន់តែធ្ងន់ធ្ងរ, ទ្រង់ទ្រាយធំ និងវិនាសកម្មខ្លាំងជាងការវាយប្រហារកាលពីពេលមុន។ អ៊ីរ៉ង់ថាថ្ងៃនេះខ្លួនបានវាយប្រហារមូលដ្ឋានយោធារបស់អាមេរិកនៅគូវែត និងហ្សកដង់។ អ៊ីរ៉ង់ក៏ឆ្លៀតព្រមានក្រុមប្រទេសជិតខាងខ្លួនថាប្រសិនបើពួកគេអនុញ្ញាតឱ្យយោធាអាមេរិកបើកការវាយប្រហារចេញពីទឹកដីរបស់ពួកគេ អ៊ីរ៉ង់ក៏លែងគួរសមតទៅទៀតដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ