ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ចាម ៖ «គិតត្រឹមពាក់កណ្តាលខែនេះ ជំងឺគ្រុនឈា.ម​ចំនួន ​១៥៣០​ករណី​ មានការ​កើនឡើង​គួរ​ឱ្យ​​ព្រួយបារម្ភ»

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ «​គិត​​រហូត​មក​ដល់​ពាក់កណ្ដាល​ខែកក្កដា​គឺ​មាន​អ្នកជំងឺ​ចំនួន​១៥៣០​ករណី​ត្រូវ​បាន​សង្ស័យ​មាន​ជំងឺគ្រុនឈាម ក្នុង​នោះ​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​៤​ករណី​” ។​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត នៅ​ក្នុង​ឱកាស​ពិធី​បើក​យុទ្ធនាការ​ប្រយុទ្ធ​ជម្ងឺគ្រុនឈាម​ក្រោម​ប្រធានបទ​”​គ្មាន​ដង្កូវទឹក គ្មាន​មូស​ខ្លា​ជំងឺគ្រុនឈាម​» ដោយ​ធ្វើ​ឡើង​នៅ​បរិវេណ​សាលាស្រុក​ចំការលើ នា​ព្រឹក​ថ្ងៃ​ទី​១៦​កក្កដា ឆ្នាំ​២០២៦ ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​៥០០​នាក់​។

លោក​វេជ្ជបណ្ឌិត​វ៉ា សា​វុ​ធ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​លើក​ឡើង​ថា​ តំបន់​ដែល​បាន​រាយការណ៍​ករណី​កើត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​រួម​មាន​: ស្រុក​ស្រី​សន្ធរ​ជា​ពិសេស​ឃុំ​មាន​ជ័យ​និង​ឃុំ​បារាយណ៍ ក្នុង​អំឡុង​ខែមិថុនា​និង​កក្កដា​។​ស្ថានភាព​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​មន្ត្រី​សុខាភិបាល​និង​សហគមន៍​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​បង្កើន​ការ​តាមដាន​ការ​អប់រំ​សុខភាព​ការ​លុប​លំ​បាត់​ជម្រក​មូស​និង​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស​។ ជំងឺគ្រុនឈាម​បាន​ចាប់ផ្ដើម​កើនឡើង​ចាប់ពី​ស​ប្តា​ហ៍​ទី​១៧ និង​បន្ត​កើនឡើង​ដល់​ស​ប្តា​ហ៍​ទី​២៨​។

ការ​កើនឡើង​នេះ កើតឡើង​ស្រប​ពេល​រដូវវស្សា​ដែល​បង្កើត​ទីតាំង​ដក់​ទឹក​កាន់តែ​ច្រើន​និង​អំណោយផល​ការ​កកើត​ដង្កូវទឹក​និង​ការ​កើនឡើង​នៃ​មូស​ខ្លា​ញីដែល​ជា​ភ្នាក់ងារ​ចំលងជំងឺ​គ្រុនឈាម​។

លោក​បណ្ឌិត​លាង ឬ​ទ្ធា តំណាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់ បា​រ៉ា​ស៊ី​ត​សាស្ត្រ​និង​បាណក​សាស្ត្រ បាន​លើក​ឡើង​ថា ជំងឺគ្រុនឈាម​នៅ​កម្ពុជា​កំពុង​មាន​និន្នាការ​កើនឡើង​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៦ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៧​មាន​ករណី​សរុប​ចំនួន​ប្រហែល​២​ម៉ឺន​ករណី និង​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន ដែល​ចំនួន​នេះ​ប្រហាក់ប្រហែល​និង​ឆ្នាំ​មុន​។

ការ​កើនឡើង​នៃ​ជំងឺគ្រុនឈាម​ពាក់ព័ន្ធ​និង​ទឹកភ្លៀង​ធ្លាក់ ទឹក​ដក់ ការ​កើនឡើង​សីតុណ្ហភាព កំណើន​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​មាន​វត្ថុ​ដក់​ទឹក ដែល​ជា​ជម្រក​ដង្កូវទឹក​កើនឡើង​។ ជា​ការ​ឆ្លើយ​តប​និង​ការ​កើនឡើង​ចំនួន​មូស​ខ្លា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​ចូលរួម​លុប​បំបាត់​វត្ថុ​ដក់​ទឹក​។​និង​ជុំវិញ​ផ្ទះ​គ្រប​និង​សំអាត​ពាង អាង​និង​ធុង​ស្តុក​ទឹក​ត្រូវ​ដាក់​ថ្នាំ​អា​បែ​ត ត្រូវ​គ្រប់គ្រង​សំបក​កង់​កំប៉ុង ដប ផើង​និង​សម្ភារៈ​ដែល​អាច​ដក់​ទឹក​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា គិត​ត្រឹម​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០២៦ ជំងឺគ្រុនឈាម ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​១៥៣០ ករណី ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៥​កន្លង​ទៅ ឃើញ​ថា​មានការ​កើនឡើង​៧២៣ ករណី​ស្មើ​៨៩,៦% នេះ​ជា​ការ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​និង​ភ័យ​ខ្លាច បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤​នាក់​។​ដូច្នេះ​ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​បង្ការ​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៃ​ជម្ងឺ​។ អាជ្ញាធរ​សូម​ក្រើនរំលឹក​ធ្វើ​យ៉ាងណា​គេង​នៅ​ក្នុង​មុង​ដែល​ជ្រលក់​ថ្នាំ កុំឱ្យ​មាន​ប្រភព​ទឹក​កខ្វក់​នៅ​ជិត​ផ្ទះ​របស់​យើង​។

តាម​រយៈ​លោក​មេ​ភូមិ មេឃុំ ពេល​ដែល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​វិញ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខិតខំ​ផ្សព្វផ្សាយ​និង​បាញ់ថ្នាំ​សម្លាប់​មូស ចាក់​មេក្រូ​ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ជ្រួតជ្រាប​ពី​ពិធី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺគ្រុនឈាម​នៅ​ក្នុង​សហគមន៍​និង​ធានា​បាន​នូវ​សុវត្ថិភាព​៕