ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបំបែកកំណត់ត្រាថ្មី សម្រេចបានសូន្យករណីគ្រុនចា.ញ់ឆ្លងក្នុងស្រុក១០០%

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដ៏​គួរ​ឱ្យ​មោទនភាព​មួយ​ដោយ​បញ្ជាក់​ថា គិត​ត្រឹម​រយៈពេល​៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២៦​នេះ ព្រះរាជាណាចក្រ​កម្ពុជា មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺគ្រុនចាញ់​ក្នុងស្រុក​ថ្មី​ទាល់តែ​សោះ (​ថយ​ចុះ ១០០%)​។

ជាក់ស្តែង​ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ​ថា ៖ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ចាប់តាំងពី​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២៥ រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​បាន​សម្រេច​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​លុប​បំបាត់​ការ​ចម្លងជំងឺ​គ្រុនចាញ់​ក្នុងស្រុក តាម​រយៈ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១-២០២៥ ។

ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល «​ទប់ស្កាត់​ការ​កើត​ជំងឺគ្រុនចាញ់​ឡើង​វិញ​» ដើម្បី​ឈាន​ទៅ​ទទួល​បាន​វិញ្ញាបនបត្រ​លុប​បំបាត់​ជំងឺគ្រុនចាញ់​នា​ឆ្នាំ​២០៣០ ពី​អង្គការ​សុខភាព​ពិភពលោក ។

ប្រទេស​កម្ពុជា​អាច​នៅ​ប្រឈម​ហានិភ័យ ចំពោះ​ការ​នាំ​ចូល​ជំងឺគ្រុនចាញ់​ពី​ក្រៅប្រទេស​ផ្សេង​ៗ​ទៀត ដែល​កំពុង​មានការ​ចម្លងជំងឺ​គ្រុនចាញ់ តាម​រយៈ​ការ​ធ្វើ​ដំណើរ​ផ្លាស់​ទី​របស់​ប្រជាជន​ប្រឈម ចូល​មក​ប្រទេស​កម្ពុជា រួម​ទាំង​គ្រុនចាញ់​នាំ​ចូល​តាម​រយៈ​សត្វ​មូស ។

ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៦ ប្រទេស​កម្ពុជា​មិន​បាន​រក​ឃើញ​ករណី​ជំងឺគ្រុនចាញ់​ឆ្លង​ក្នុងស្រុក​ទេ បាន​ន័យ​ថា​គ្រុនចាញ់​បាន​ថយ​ចុះ ១០០% និង​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ចាប់តាំងពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

សព្វថ្ងៃ ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​មាន​ប្រសិទ្ធភាព ក្នុង​ការ​តាមដាន និង​រុករក​ករណី​ជំងឺគ្រុនចាញ់ តាម​រយៈ​ប្រព័ន្ធ​រាយការណ៍​រហ័ស​ទាន់​ពេលវេលា ២៤​ម៉ោង (real-time) មាននៅ​គ្រប់​បណ្តា​ភូមិសាស្ត្រ ក្នុង​សហគមន៍​ជា​អ្នក​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺគ្រុនចាញ់​ភូមិ និង​បណ្តាញ​សេវា​សុខាភិបាល​សាធារណៈ ជា​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​ជាតិ ដើម្បី​ឈាន​ទៅ​ការ​ឆ្លើយ​តប​រហ័ស ២៤​ម៉ោង និង​ការ​ទប់ស្កាត់​ការ​កើតឡើង​វិញ​នៃ​ជំងឺគ្រុនចាញ់​បាន​ទាន់​ពេលវេលា​។ ជា​លទ្ធផល​នៃ​ប្រសិទ្ធភាព​ប្រព័ន្ធ​ព័ត៌មាន​ជំងឺគ្រុនចាញ់​នេះ ជំងឺគ្រុនចាញ់​ឆ្លង​ក្នុងស្រុក​នៅ​ឆ្នាំ​២០២៦ ក៏​កំពុង​ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​ករណី​ជំងឺគ្រុនចាញ់​សង្ស័យ​ណាមួយ​លេច​ចេញ​តាម​បណ្តា​ព្រំដែន​ប្រទេស​កម្ពុជា​នោះ​ទេ ៕