រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែន សុខ បានចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស១០នាក់ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធដែលសង្ស័យ ផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ ។
ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិត នោះហើយ។
នាថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ 60+ 68 ផ្លូវ10ឞ៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ 60 មានបន្ទប់ចំនួន 3 និងទីតាំងទី២ ផ្ទះលេខ 68 មានបន្ទប់ចំនួន 4 ។
កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60 ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន02នាក់ (ជាអនីតិជន) ដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕




ចែករំលែកព័តមាននេះ