ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនក្រុមក្មេងអន្ធពាលចំនួន១០នាក់ ទៅប្រគល់ជូនលោកតុលាការចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី ២៤ ឧសភា ដែលជាប់សង្ស័យថា លើកគ្នាតាមស្ទាក់វាយទៅលើយុវជន០៣នាក់ រួចកាប់«ប្លន់យកស្លាកលេខម៉ូតូ» ដែលក្រុមជនអន្ធពាលទាំងនេះអះអាងប្រាប់សមត្ថកិច្ចថា គ្រាន់តែជាការ«ព្រមាន»។
យោងតាមរបាយការណ៏ បានឲ្យដឹងថា សកម្មភាពប្រព្រឹត្តអំពើកាប់«ប្លន់»យកស្លាកលេខម៉ូតូរបស់ពួកជនអន្ធពាលនេះ បានកើតឡើង កាលពីយប់ថ្ងៃទី ២១ ឧសភា។ ក្រុមចោរហាររយ ដែលបំឡែងចេញពីក្រុមក្មេងទំនើងនេះ បាននាំគ្នាស្ទាក់ចាំកាប់ក្រុមជនរងគ្រោះចំនួន០៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង នោពេលក្រុមជនរងគ្រោះដែលគ្មានបានដឹងរឿងអ្វីសោះ កំពុងជិះម៉ូតូឌុបគ្នាចេញពីក្រុងបាងត់ដំបង ឆ្ពោះទៅផ្ទះវិញនៅឯងឃុំត្រែង ស្រុករតនមណ្ឌល។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងដែរថា ក្រុមជនដៃដល់មានបក្ខពួកចំនួន១១នាក់ បាននាំគ្នាស្តាក់កាប់ទៅលើជនរងគ្រោះចំនួន០៣នាក់ ដែលពុំធ្លាប់ស្កាល់គ្នាសោះកំពុងជិះម៉ូតូនៅតាមផ្លូវ។
លោកអធិការបានបញ្ជាក់ថា ក្រុមជនដៃដល់បានស្តាក់កាប់ទៅលើជនគ្រោះបណ្ដាលឲ្យរងរបួស ហើយបាននាំគ្នាប្រឹងប្រែងរត់កេចយ៉ាងត្រដាបត្រដួសចោលម៉ូតូ ប៉ុន្តែត្រូវក្រុមជនអន្ធពាលព្រូតគ្នាកាប់ម៉ូតូ និង កាប់ផ្ដាច់កន្ទិយម៉ូតូ«ប្លន់យកស្លាកលេខ»ទៅបាត់។ លោក ពេជ្រ សារ៉ែន បានបន្ថែមថា ក្រោយពីទទូលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញរបស់លោក បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្តបន្ទាប់ចំនួន១០នាក់ តែនៅសល់ម្នាក់បានយកស្លាកលេខម៉ូតូរត់គេចខ្លួនបាត់។ តាមរយៈរបាយការណ៏ អធិការក្រុងបាត់ដំបង ក្រុមចោរហាររយ«ប្លន់ស្លាកលេខម៉ូតូ»ដែលចាប់ខ្លួនបានចំនួន១០នាក់រួមមាន៖ ១.ឈ្មោះ ឈឹង វិចិត្រ អាយុ២២ឆ្នាំ ២.ឈ្មោះ ឡុញ ហុងសូវ ១៧ឆ្នាំ ៣.ឈ្មោះ មី មិនា អាយុ១៧ឆ្នាំ ៤.ឈ្មោះ ឡុញ សុខា អាយុ២៣ឆ្នាំ ៥.ឈ្មោះ អ៊ុល ម៉ាន់ អាយុ១៧ឆ្នាំ ៦.ឈ្មោះ ចោម វណ្ណាចាន់ អាយុ៣០ឆ្នាំ ៧.ឈ្មោះ សុវត្ថិ វណ្ណា អាយុ១៩ឆ្នាំ ៨.ឈ្មោះ ចោម ចិត្រ អាយុ២៧ឆ្នាំ (ជនទាំង០៨នាក់នេះ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់) ៩.ឈ្មោះ លុយ ឆេងឡាយ អាយុ២១ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និង ១០.ឈ្មោះ សួន រតនា អាយុ១៦ឆ្នាំ នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់។
បើតាមរបាយការដដែល ក្រុមជនអន្ធពាលទាំង១០នាក់នេះ ត្រូវបានកម្លាំងជំនាញ នៃអធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញ អធិការស្រុកបាណន់ តាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ២២ និង ២៣ ឧសភា ក្រោយមួយថ្ងៃ បន្ទាប់ពីទទូលបណ្ដឹងជនរងគ្រោះម្នាក់ (ម្ចាស់ម៉ូតូ) ក្នុងចំណោម០៣នាក់ គឺ ឈ្មោះ ហេង ហួយ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន១០នាក់ សមត្ថកិច្ចក៏ដកហូតម៉ូតូចំនួន០២គ្រឿង ដែលជាមធ្យោបាយសម្រាប់ក្រុមជនពាលជិះប្រព្រិត្តបទល្មើស ប៉ុន្តែនៅសល់ម្នាក់ទៀតដែលកំពុងគេចខ្លួន ជាមួយនឹងស្លាកលេខម៉ូតូដែលប្លន់យកទៅ។
ពាក់ព័ន្ធនឹងអំពើកាប់«ប្លន់យកស្លាកលេខម៉ូតូ»របស់ក្រុមជនអន្ធពាលខាងលើផនេះ បើតាមមន្ត្រីជំនាញ អធិការក្រុងបាត់ដំបង ដែលបានសួរចម្លើយក្រុមជនសង្ស័យបានស្រង់សម្ដីថា ពួកគេបានសារភាពថា ពុតជាបាននាំគ្នាស្ទាក់វាយនិងកាប់ទៅលើជនរងគ្រោះមែន តែជាការកាប់ច្រឡំមនុស្សទេ។
ក្រុមនេះនិយាយប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ ពួកគេបានលើកគ្នាបំរុងចាំស្ទាក់វាយ និង កាប់ទៅលើសត្រូវរបស់ពួកខ្លួនមួយក្រុមដែលជិះម៉ូតូពណ៏ក្រហម ដែលធ្លាប់ប៉ះទង្គិចជាមួយក្រុមខ្លួន ប៉ុន្តែនៅពេលឃើញជនរងគ្រោះទាំង០៣នាក់ជិះម៉ូតូពណ៏ក្រហមដូចគ្នា មកដល់ស្មានតែគូរសត្រូវរបស់ខ្លួន ក៏ព្រូតគ្នាស្តាក់វាយផង កាប់ម៉ូតូផង ចុងក្រោយទើបដឹងថា «កាប់ច្រឡំសត្រូវ»។ លោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានបញ្ជាក់ដែរថា ក្រុមជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនពីបទ«លួចមានស្ថានទម្ងន់»។ ក្រុមនេះសុទ្ធសឹងជាក្រុមក្មេងទំនើង។
ពួកគេបានស្ទាក់វាយ និង កាប់ទៅលើជនរងគ្រោះ ដែលមិនធ្លាប់ស្កាល់គ្នា មិនធ្លាប់ប៉ះទង្គិចគ្នាសោះ។ នៅពេលជនរងគ្រោះប្រឹងរត់គេចទាំងមានរពួសផង ស្រាប់តែក្រុមជនដៃដល់បានព្រូតគ្នាកាប់កម្ទេចម៉ូតូ រួចកាប់ផ្ដាច់ស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់។ ប៉ុន្តែយ៉ាងណា ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ បញ្ជូនក្រុមជនដៃដល់ទាំង១០នាក់ ទៅកាន់តុលាការហើយ ដើម្បីចាត់ការតាមនីតិវិធី៕






ចែករំលែកព័តមាននេះ