ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ និង​ជូន​ថវិកា ៦​លាន​រៀល ដល់​ភរិយា​នៃ​ស​.​ព ករណី​លោក​ស័ក្តិ​៥ ហ៊ុន ហេង បើក​បុក​រះ​ទាំង​ស្រវឹង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា​ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា​ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​លោក​វេជ្ជ​. អ៊ុយ សំ​អុ​ន នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​សហការី ដោយ​មានការ​ចូលរួម​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​ឈ្មោះ រៀន សុ​ភឿន អាយុ​៤៩​ឆ្នាំ ដែល​ស្លា​.​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រះ​នៅ​ជិត​ក្រសួងមហាផ្ទៃ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ២០២៥ ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់ ក្នុង​សហគមន៍​ត្រពាំង​អញ្ចាញ​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ថិត​ក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​សោកសង្រេង​នេះ លោក​វេជ្ជ​. អ៊ុយ សំ​អុ​ន បាន​មាន​ប្រសាសន៍​ថា ការ​មក​ចូលរួម​រំលែក​មរណទុក្ខ​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដ៏​រន្ធត់ និង​សោកសង្រេង​នេះ​ភ្លាម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​ចាត់​រូប​លោក​មក​ចូលរួម​ផ្ទាល់ ដោយ​នាំ​យក​ថវិកា​ចំនួន ៥ លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ព្រម​ជាមួយ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព ដែល​បាន​បាត់បង់​ប្តី ឪពុក​ជាទី​គោរព​ស្រលាញ់ ជា​អ្នក​ទ្រទ្រង់​ដ៏​សំខាន់​ក្នុង​ជីវភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដ៏​សោកសង្រេង និង​ខ្លោចផ្សា​ជាទី​បំផុត និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ស​.​ព បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

អ្នកស្រី ធី ណា​រ៉េ​ន អាយុ​៤៨ ជា​ភរិយា​នៃ​ស​.​ព និង​ក្រុម​គ្រួសារ បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​បាន​ចាត់​មន្ត្រី​មក​ចូលរួម​រំលែក​មរណទុក្ខ ក្នុង​ខណៈ​កំពុង​រង​ទុក្ខ​ដ៏​សោកសៅ ព្រម​ជាមួយ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន នា​ពេល​នេះ និង​អរគុណ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថវិកា ១​លាន​រៀល (​សរុប​៦​លាន​រៀល​) និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ហើយ​សម្រាប់​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ យើងខ្ញុំ​នឹង​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​៧​ថ្ងៃ ឱ្យ​បាន​សមរម្យ​ផង​ដែរ​។ ជា​ថ្មី​ម្តងទៀត សូម​គោរព​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​មាន​សុខភាព​ល្អ​បរិបូណ៌ កម្លាំង​ពលំ​មាំមួន និង​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ផ្តល់​ក្តី​សង្ឃឹម និង​ភាព​កក់ក្តៅ​ដល់​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​តទៅ ។

សូម​ជម្រាប​ថា ប្រ​ធា​ការិយាល័យ​ភស្តុ​ភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​វរសេនីយ៍ឯក ហ៊ុន ហេង បាន​បើករថយន្ត​បុក​រះ​ពីក្រោយ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ស្តុ​ប​មុខក្រសួង​មហាផ្ទៃ តាម​បណ្តោយ​មហា​វិ ថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ជន​បង្ក​បើករថយន្ត​ក្នុង​ល្បឿន​លឿន បុក​រះ​ទៅ​លើ​ម៉ូតូ​កង់​បី និង​រថយន្ត បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់​ភ្លាម ៗ ។

តាម​ប្រភព​ព័ត៌មាន ដែល​ទទួល​បាន ជន​បង្ក​បាន​ចេញពី​ផឹកស៊ី នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ លោក​ស័ក្តិ​៥ ហ៊ុន ហេង ជា​ប្រ​ធា​ការិយាល័យ​ភស្តុ​ភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​បុក​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ក្នុង​ចំណោម​ជន​រង​គ្រោះ​ច្រើន​នាក់ ដែល​រង​របួស ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ រៀន សុ​នឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្នុង​ករណី​បុក​រះ​នេះ ក៏​បណ្ដាល​ឲ្យ​ខូចខាត ម៉ូតូ ១ គ្រឿង កង់​បី​ឥណ្ឌា​២ គ្រឿង និង​រថយន្ត​ព្រុស ១​គ្រឿង ផង​ដែរ ខណៈ​អ្នក​បើករថយន្ដ បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ភ្លាម​ៗ ក្រោយ​បង្កហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​នាយ​នគរបាល​រូប​នេះ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស 400h ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2188 បើកបរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​ទិស​ដៅ​ទៅ​វិមាន​ឯករាជ្យ ។ ខណៈ​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ បាន​បន្តិច រថយន្ត​នោះ ក៏​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ ១​គ្រឿង រថយន្ត​ព្រុស និង​កង់​បី​ឥណ្ឌា ២​គ្រឿង​ទៀត ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ម្នាក់​ស្លាប់​ភ្លាម​ៗ ហើយ​រថយន្ដ​បង្ក ក៏​បន្ត​ទៅ​បុក​បង្គោល​ដែក និង​ដើមឈើ ១​ដើម​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​នោះ​ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ ជន​បង្ក​មិន​បាន​គេចខ្លួន​ទៅ​ណា​ទេ និង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សាកសួរ​បន្ថែម និង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕«តុលាការ​សម្រេច​ឃុំខ្លួន​លោក​ស័ក្តិ​៥ ហ៊ុន ហេង ពី​បទ​បើកបរ​បុក​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ក្នុង​ស្ថានភាព​ស្រវឹង»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ