ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU បញ្ជូន​ខ្លួន​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង និង​បក្ខពួក​៣​នាក់ ទៅ​តុលាការ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តកោះកុង និង​បក្ខពួក​៣​នាក់​ទៀត ដែល​ល្បីល្បាញ​ចាប់​ឡាន​ដឹក​ទំនិញ​មិន​រើស តាំងពី​ទំនិញ​មាន​ពន្ធ ទំនិញ​គ្មាន​ពន្ធ គ្រឿង​អេ​ត​ចាយ…

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តកោះកុង និង​បក្ខពួក​៣​នាក់​ទៀត ដែល​ល្បីល្បាញ​ចាប់​ឡាន​ដឹក​ទំនិញ​មិន​រើស តាំងពី​ទំនិញ​មាន​ពន្ធ ទំនិញ​គ្មាន​ពន្ធ គ្រឿង​អេ​ត​ចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះ​ដែល​រុះរើ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.) កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ នេះ​បើ​តាម​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៨ អាណត្តិ​ទី​៤ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប​.​ព​.) នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​នេះ ។

ករណី​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តកោះកុង ឈរជើង​នៅ​ចំណុច​អណ្តូងទឹក ដែល​ល្បីល្បាញ​ចាប់​ឡាន​ដឹក​ទំនិញ​មិន​រើស តាំងពី​ទំនិញ​មាន​ពន្ធ ទំនិញ​គ្មាន​ពន្ធ គ្រឿង​អេ​ត​ចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះ​ដែល​រុះរើ​…​ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ ACU បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​អំពើ​រំលោភ​អំណាច និង​សម្អាត​ប្រាក់ ដែល​មាន​ជនសង្ស័យ ៤ រូប រួម​មាន ៖

១-​ឈ្មោះ ម៉ៅ សាន់​សូ​នា ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ អនុប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តកោះកុង ជាប់​សង្ស័យ​ក្នុង​អំពើ រំលោភ​អំណាច និង​សម្អាត​ប្រាក់ ។
២-​ឈ្មោះ ម៉ៅ ទិ​ត្យា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ បុគ្គលិក​ជាប់កិច្ចសន្យា នៃ​សាខា​គយ និង​រដ្ឋាករ ខេត្តកោះកុង ជាប់​សង្ស័យ​ពី​បទ សមគំនិត​ក្នុង​អំពើ​រំលោភ​អំណាច និង​សម្អាត​ប្រាក់ ។
៣-​ឈ្មោះ ពត ស្រី​នាង ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ មេផ្ទះ ជាប់​សង្ស័យ​ពី​បទ សមគំនិត​ក្នុង​ការ​សម្អាត​ប្រាក់ ។
និង​៤-​ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ បុគ្គលិក​ធនាគារ ជាប់​សង្ស័យ​ពី​បទ សមគំនិត ក្នុង​ការ​សម្អាត​ប្រាក់​។

សូម​រម្លឹក​ឡើង​វិញ​ថា លោក ម៉ៅ សាន់​សូ​នា អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង ទទួល​បន្ទុក​ចល័ត និង​មាន​ទីតាំង​រោង​ប្រចាំការ​ឈរជើង​ឥត​លើក​ស្លាក​សម្គាល់​ដូច​ជា​កុងត្រូលជជុះ​នោះ ត្រូវ​អ្នក​រកស៊ី​ដឹក​ទំនិញ ​ផ្ដិត​មេដៃ​ប្ដឹង​ចោទប្រកាន់​ ថា ជំរិត​ទារប្រាក់​ពី​ពួក​គាត់ ដែល​ស៊ីឈ្នួល​ដឹក​ទំនិញ និង​គ្រឿង​សមុទ្រ ច្រើន​ៗ​ពេក ។

គយ និង​រដ្ឋាករ​ខេត្តកោះកុង ទទួល​បន្ទុក​ចល័ត និង​មាន​ទីតាំង​រោង​ប្រចាំការ​ឈរជើង ឥត​លើក​ស្លាក​សម្គាល់​ដូច​ជា​កុងត្រូលជជុះ​នោះ មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ ៤៨ ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ហើយ​ត្រូវ​បាន​រង​ការ​ចោទ​ថា ប្រើ​រថយន្ត​ស្លាក​លេខ​រដ្ឋ និង​រថយន្ត​គ្នីគ្នា ពាក់​ស្លាក​លេខ​ស៊ី​វិល ម៉ាក​ប្រូស​មក​ឈរជើង​នៅ​រង្វង់​មូល​សាយ​ភូ​ថង ដើម្បី​ប្រដេញ​ឃាត់​ស្ទាក់​រថយន្ត​អ្នក​ដឹក​ទំនិញ​ទារប្រាក់ គ្មាន​ក្តី​មេត្តា​សោះ ។

ប្រភព​ពី​ពលរដ្ឋ បានឱ្យ​ដឹង​ថា លោក សាន់​សូ​នា អនុវត្ត​ច្បាប់​ល្មើស​ក្រមសីលធម៌ សម្ដី​ឈ្លើយ​អញ​ហែង​សម្លុត​ឱ្យ​ពលរដ្ឋ​រើ​ទំនិញ​បើក​តង់ បើកទ្វារ និង​គំរាម យក​ប្រាក់​ពី​ពលរដ្ឋ​អ្នកស៊ីឈ្នួល​ដឹក​ទំនិញ​ក្នុងស្រុក ដែល​មាន​ជា​របស់​ប្រើប្រាស់ និង​ចំណីអាហារ​។

ជនជាតិ​ចិន​ដឹក​បន្លែ ក៏​បាន​រអ៊ូរទាំ ប្រាប់​អាជ្ញាធរ​ភូមិ​ថា មាន​លោក​គយ នៅ​ចំណុច​ខាងលើ ដេញ​ស្ទាក់​ឃាត់​សួរ​រក​លិខិត​ស្នាម​ទាមទារ​លុយ រហូត​ចិន​ធុញទ្រាន់​ពេក​ឱ្យ ២០​ដុល្លារ​ទើប​ព្រម ។

អ្នក​ភូមិ​ស៊ីឈ្នួល​ដឹក​គ្រឿង​សមុទ្រ ចេញពី​ឃុំ​ថ្ម​ស ក៏​ត្រូវ​លោក​គយ​នោះ​ចោទ​ថា ជា​ទំនិញ​នាំ​មក​ពី​ប្រទេស​ថៃ ទាំង​គ្មាន​ភស្តុ​តាង​ពិតប្រាកដ ទារ​លុយ​២០០​ដុល្លារ ចុង​ក្រោយ​ពលរដ្ឋ​ធុញ និង​ខ្លាច​ខូចគុណភាព​សាច់ ក៏​ព្រមឱ្យ​លោក ១០០​ដុល្លារ​ទៅ ។

កាល​ឆ្នាំ​២០២៥ លោក សាន់​សូ​នា ក៏​បាន​ដេញ​ស្ទាក់​ចាប់​រថយន្ត​អ្នកស៊ីឈ្នួល​ដឹក​ប្រេងម៉ាស៊ីន ម៉ូ​ទ័​រ សម្បុក​អ៊ែ​រ និង​ម៉ាស៊ីន​វី​ស៊ីម៉ងត៍ ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ថ្ម​ស ដោយ​ចោទ​ថា បិទ​ពន្ធ​ក្លែងក្លាយ (​ដែល​ដំបូង​ឡើយ ឃាត់​តាម​ផ្លូវ លោក​គយ​ទារប្រាក់​លើ​ទំនិញ​២​លាន និង​រថយន្ត​២​លាន​រៀល គេ​មិន​ព្រមឱ្យ ក៏​អូស​ទៅ​កន្លែង​កុងត្រូលជជុះ ដែល​ឥត​មាន​លើក​ស្លាក​សម្គាល់ ហើយ​ទារ​លុយ​១,៥០០​ដុល្លារ ជា​ថ្នូរ​ដោះ​លែង​រថយន្ត បន្ទាប់​ពី​ត​.​ថ្លៃ​លោក​គយ​ព្រមយក​៣០០​ដុល្លារ តែ​ដកហូត​ទំនិញ ។

ហើយ​គ្រប់​អ្នក​ដឹក​ទំនិញ លោក​បង្គាប់បញ្ជា​ឱ្យ​បង់លុយ ២​ម៉ឺន​រៀល ថ្លៃ​បាយ​ទឹក​ក្នុង​មួយ​ជើង ទោះ​ឱ្យ​១​ម៉ឺន​ប្រាំ​ពាន់ ក៏​មិន​ព្រម​ដែរ ដែល​មាន​ប័ណ្ណ​វេរ​លុយ​ផង យក​មក​បង្ហាញ​អ្នកកាសែត​កោះសន្តិភាព ។

ទោះ​យ៉ាងនេះ​ក្ដី​ក្រុម​អ្នក​រកស៊ី​បន្តិចបន្តួច ដែល​ផ្ញើ​ទំនិញ​តាម​ឡាន​កំពុង​ផ្ដិត​មេដៃ​ប្ដឹង​លោក ម៉ៅ សាន់​សូ​នា អនុប្រធាន​សាខា​គយ​ខេត្តកោះកុង ទៅ​អាជ្ញាធរ និង​ថ្នាក់លើ​ឱ្យ​ចាត់វិធានការ​តាម​នីតិវិធី កុំឱ្យ​ធ្វើទុក្ខបុកម្នេញ​បន្ត​ទៀត ព្រោះ​ពួក​គាត់​រកស៊ី​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​ជួប​សកម្មភាព​ធ្វើ​លើស​ជ្រុល​ហួសហេតុ​ក្នុង​កំឡុង​ពេល​ជិត​១​ឆ្នាំ ដែល​លោក​គយ​រូប​នេះ មក​កាន់​ការងារ​នៅ​ភូមិ​ស្រុក​របស់​ពួក​គាត់​នោះ​ទេ ។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ