ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម១០​នាក់ ​ពាក់ព័ន្ធបទល្មើស”​កម្ចី​ប្រាក់​ខុសច្បាប់​” នៅ​ខណ្ឌ​ច្បារ​អំពៅ

4 ម៉ោង មុន

រាឃធានីភ្នំពេញ​ ៖ ក្នុង​យុទ្ធនាការ​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​បច្ចេកវិទ្យា កម្លាំង​ចម្រុះ​ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ…

រាឃធានីភ្នំពេញ​ ៖ ក្នុង​យុទ្ធនាការ​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​បច្ចេកវិទ្យា កម្លាំង​ចម្រុះ​ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scams មួយ​កន្លែង ស្ថិត​នៅ​នៅផ្ទះ​លេខ​១៦០ ផ្លូវ​លេខ​៣៦៩ ភូមិ​អូរ​អណ្ដូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​មានការ​សង្ស័យ​លើ​សកម្មភាព​ស្នាក់​នៅ​របស់​ជនបរទេស ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពីលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​ផ្ទាល់​ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពីលោកស្រី ភី ស៊ី​ថង ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ជា​លទ្ធផល អាជ្ញាធរ​បាន​រក​ឃើញ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន១០​នាក់ (​ក្នុង​នោះ​មាន​លិខិតឆ្លងដែន​ចំនួន ០៩​ក្បាល​)​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​បម្រើ​ឱ្យ​សកម្មភាព​បទល្មើស​រួម​មាន ៖ កុំព្យូទ័រ​ប្រភេទ All-in-one ៩​គ្រឿង​, ម៉ាស៊ីន CPU ៤​គ្រឿង​,​ អេ​ក្រង់ Monitor ៣​គ្រឿង និង​ទូរ​សព្ទ​ដៃ ១០​គ្រឿង​ ។

ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្តែង ទីតាំង​ខាងលើ​ ត្រូវ​បាន​រក​ឃើញ​ថា ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស “​កម្ចី​ប្រាក់​ខុសច្បាប់​”​ ។

បច្ចុប្បន្ន អាជ្ញាធរ​បាន​សម្រេច​បិទ​ឃ្លុំ​ទីតាំង​នោះ​ជា​បណ្ដោះអាសន្ន ចំណែក​មនុស្ស​ទាំង ១០​នាក់ រួម​និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ តាម​នីតិវិធី​ច្បាប់​ ។

‎​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សូម​ជម្រាប​ថា ការ​បោសសម្អាត​Online Scams នៅ​ទូ​ទាំង​ប្រទេស គិត​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ស​ប្តា​ហ៍​ទី​២ ខែមីនា ឆ្នាំ​២០២៦ នេះ សមត្ថកិច្ច និង​អាជ្ញាធរ​ក្នុង​រាជធានី​-​ខេត្ត បាន​បង្ក្រាប​ដល់ទី​តាំង និង​បិទ​សៀ​ល​(​មិន​ឱ្យ​មាន​សកម្មភាព​) សរុប​ចំនួន ២៣៦ ទីតាំង នៅ​ក្នុង​បណ្តា​រាជធានី ខេត្ត ក្នុង​នោះ​ទីតាំង​កាស៊ីណូ ចំនួន ៩១ ទីតាំង ទៅ​តាំង​ជា​ប្រភេទ​បុរី វីឡា ខុន​ដូ លំនៅ​ឋាន ចំនួន ១៤៥ ទីតាំង​។
‎​
តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ សរុប​ចំនួន ៧៩ សំណុំរឿង ដើម្បី​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន ៦៩៧ នាក់ ចំណោម​នោះ​មាន​ជនជាតិ​ចិន វៀតណាម ឥណ្ឌូ​ណេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដេ​ស សិង្ហ​បុរី នេ​ប៉ា​ល់ ឥណ្ឌា ម៉ា​ឡេ​ស៊ី ខ្មែរ ប៉ា​គី​ស្ថាន ថៃ ហើយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សំណុំរឿង ចេ​ន ស៊ី​, សំណុំរឿង​ឧកញ៉ា លី គួ​ង និង​សំណុំរឿង​ធំ​ៗ​ពាក់ព័ន្ធ​នឹង​មេខ្លោង​ជា​ជនបរទេស​ផ្សេង​ទៀត​។ តាម​ការ​កត់សម្គាល់​របស់​អាជ្ញាធរ ក្រុម​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​នេះ ចំនួន​ប្រមាណ ជាង ២២​ម៉ឺ​នាក់ បាន​គេចខ្លួន​ចេញពី​ប្រទេស​កម្ពុជា ខ្លះ​ចេញ​តាម​ផ្លូវអាកាស ខ្លះ​តាម​ផ្លូវគោក​។
‎​
សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ