ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ មានករណីប្រជាពលរដ្ឋប្រុសស្រីមួយក្រុម បាននាំគ្នាសម្រុកចូលទៅរំដោះយកវត្ថុតាងគោយន្តកន្ត្រៃដឹកឈើ និងសម្ភារបទល្មើសមួយចំនួន ចេញពីទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គួររំលឹកថា ពលរដ្ឋលើកគ្នាទៅរំដោះវត្ថុតាងបទល្មើសព្រៃឈើដល់ក្នុងស្នាក់ការដែនជម្រកការពារសត្វព្រៃភ្នំព្រេច
យោងតាមប្រភពពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកការពារសត្វព្រៃភ្នំព្រេច បានឱ្យកោះសន្តិភាពដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា ថា វត្ថុតាងដែលក្រុមជនល្មើសមកដណ្ដើមយកទៅវិញនោះ រួមមាន រថយន្តកែច្នៃ (គោយន្ត) ចំនួន ៤គ្រឿង។ ម៉ូតូកែច្នៃចំនួន ១គ្រឿង ។ ឈើក្តារសន្លឹកប្រភេទគគីរ ដែលជាវត្ថុតាងទើបចាប់ថ្មីចំនួន ៣គ្រឿង និងវត្ថុតាងចាស់ចំនួន ១គ្រឿង។
វត្ថុតាងទាំងនេះ ត្រូវបានមន្ត្រីជំនាញធ្វើការបង្ក្រាប និងដកហូតបានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ(គោយន្តបីគ្រឿង) ។ ប្រភពដដែលបានបន្តថា នៅពេលមកដណ្ដើមយកនោះ ក្រុមអ្នកភូមិថែមទាំងបាននាំយកគោយន្តមួយគ្រឿងផ្សេងទៀតមកជាមួយ ដើម្បីជួយអន្តរាគមន៍អូសទាញវត្ថុតាងទាំងនោះចេញទៅវិញ។
ពាក់ព័ន្ធនឹងមូលហេតុដែលមន្ត្រីមិនអាចហាមឃាត់ពួកគេបាន ព្រោះនៅពេលកើតហេតុ ក្នុងស្នាក់ការមានមន្ត្រីប្រចាំការតែ ២នាក់ប៉ុណ្ណោះ ខណៈមន្ត្រីដទៃទៀតបានចុះទៅបំពេញភារកិច្ចតាមគោលដៅផ្សេងៗ និងខ្លះទៀតកំពុងស្ថិតនៅក្នុងព្រៃជ្រៅ មិនអាចត្រឡប់មកជួយអន្តរាគមន៍ទាន់ពេលវេលា។ ដោយសារឃើញក្រុមអ្នកភូមិ មានគ្នីគ្នាច្រើនលើសលប់ ទើបមន្ត្រីប្រចាំការសម្រេចមិនធ្វើការតបត ដើម្បីជៀសវាងការផ្ទុះហិង្សាធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ជាយថាហេតុដល់ជីវិត។
ជាលទ្ធផល ក្នុងហេតុការណ៍នេះ មិនមានមន្ត្រីណាម្នាក់រងរបួសស្នាមនោះទេ ប៉ុន្តែក្រុមជនល្មើសបានយកសម្ភារដែលជាវត្ថុតាងចាកចេញពីកន្លែងរក្សាទុកដោយជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងជំនាញនៃដែនជម្រកការពារសត្វព្រៃភ្នំព្រេច បានបញ្ជាក់ជំហរថា នឹងរៀបចំដាក់ពាក្យបណ្ដឹង និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមផ្លូវច្បាប់ទៅលើក្រុមជនល្មើសឱ្យបានម៉ឺងម៉ាត់បំផុត។
ជុំវិញករណីខាងលើនេះ គេក៏បានឃើញ ក្រុមប្រជាពលរដ្ឋខ្លះបានបង្ហោះតាមបណ្តាញសង្កម នូវឯកសារនិងលិខិតស្នាមមួយចំនួន ពីការស្នើសុំអារឈើ ដើម្បីសង់លំនៅឋានពីអាជ្ញាធរ។តែអ្នកយកព័ត៌មានកោះសន្តិភាព មិនទាន់អាចសុំការបំភ្លីពីអាជ្ញាធរបានទេ នាល្ងាចថ្ងៃទី២៥ មីនា ៕



ចែករំលែកព័តមាននេះ