រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានសេក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់ និងរបួសអ្នកដទៃ ដោយមានខ្លឹមដូចតទៅ ៖
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទាក់នឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.2188 បានបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ០.៣៥ Mg/L បានបុកម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ១គ្រឿង បណ្តាលឲ្យស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន ៥នាក់ ។
ក្នុងករណីនេះ មានជនត្រូវចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង” ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និងចំណុច គ នៃច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោក ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ ហ៊ុន ហេង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ។
ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ តុលាការបាន និងបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដោយពុំមានការលើកលែង ។
សូមជម្រាបថា លោក ហ៊ុន ហេង ដែលបានបើករថយន្តបុករះពីក្រោយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ត្រូវបានរៀបចំនីតិវិធី បញ្ជូនទៅ តុលាការនាព្រឹកថ្ងៃទី១៧ ឧសភានេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខណ្ឌផងដែរ ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសរសេរលើបណ្តាញសង្គម យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែកច្រើន លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲ្យមានអ្នករបស់ធ្ងន់ស្រាល និងបាត់បង់ជីវិត បង្កឡើងដោយ នគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង» ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជម្រាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។
សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែងទេ) ។ លោកបានបញ្ជាក់ទៀតថា «ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការ នាព្រឹកនេះ ព្រមទាំងអនុវត្ត នូវពិន័យនគរបាលជាតិកម្ពុជា ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ» ។
សូមជម្រាបថា ប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក ហ៊ុន ហេង បានបើករថយន្តបុករះពីក្រោយ វេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចំណុចស្តុបមុខក្រសួងមហាផ្ទៃ តាមបណ្តោយមហាវិ ថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនបង្កបើករថយន្តក្នុងល្បឿនលឿន បុករះទៅលើម៉ូតូកង់បី និងរថយន្ត បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ភ្លាម ៗ ។
តាមប្រភពព័ត៌មាន ដែលទទួលបាន ជនបង្កបានចេញពីផឹកស៊ី នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកស័ក្តិ៥ ហ៊ុន ហេង ជាប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកបុកបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងចំណោមជនរងគ្រោះច្រើននាក់ ដែលរងរបួស ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងករណីបុករះនេះ ក៏បណ្ដាលឲ្យខូចខាត ម៉ូតូ ១ គ្រឿង កង់បីឥណ្ឌា២ គ្រឿង និងរថយន្តព្រុស ១គ្រឿង ផងដែរ ខណៈអ្នកបើករថយន្ដ បង្កត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ភ្លាមៗ ក្រោយបង្កហេតុ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញនាយនគរបាលរូបនេះ បើករថយន្តម៉ាកឡិចស៊ីស 400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅទៅវិមានឯករាជ្យ ។ ខណៈបើករថយន្តចុះពីលើស្ពានអាកាសក្បាលថ្នល់ បានបន្តិច រថយន្តនោះ ក៏រេចង្កូតទៅបុករះម៉ូតូ ១គ្រឿង រថយន្តព្រុស និងកង់បីឥណ្ឌា ២គ្រឿងទៀត ធ្វើឲ្យបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា ម្នាក់ស្លាប់ភ្លាមៗ ហើយរថយន្ដបង្ក ក៏បន្តទៅបុកបង្គោលដែក និងដើមឈើ ១ដើមទៀត ទើបធ្វើឲ្យរថយន្តនោះទៅមុខលែងរួច ។
ក្រោយកើតហេតុ ជនបង្កមិនបានគេចខ្លួនទៅណាទេ និងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្ថែម និងចាត់ការតាមផ្លូវច្បាប់។ ចំណែកស.ពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕












ចែករំលែកព័តមាននេះ