អង្គភាពCMAC និងអង្គការNPA សហការរៀបចំសិក្ខាសាលាពីបច្ចេកទេស«គ្រា.ប់បែ.កចង្កោមប្រភេទថ្មីCMR M-Series» នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ លោក ហេង រតនា និងលោក Hans Peter Risser ប្រធានអង្គការ…
ខេត្តសៀមរាប ៖ លោក ហេង រតនា និងលោក Hans Peter Risser ប្រធានអង្គការ…
ខេត្តសៀមរាប ៖ លោក ហេង រតនា និងលោក Hans Peter Risser ប្រធានអង្គការ NPA ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនារសៀលថ្ងៃទី២៥ ខែមីនានេះថា ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ខ្ញុំ និងលោក Hans Peter Risser ប្រធានអង្គការ NPA ប្រចាំកម្ពុជា បានចូលរួមធ្វើជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ ។

លោក ហេង រតនា បានបន្តទៀតថា អ្នកចូលរួមក្នុងសិក្ខាសាលានេះ មានមន្ត្រីជំនាញអង្គភាព CMAC ចំនួន២៨រូប និងអង្គការដៃគូអន្តរជាតិសំខាន់ៗរួមមាន ៖ អង្គការ NPA, អង្គការGolden West និងអង្គការAPOPO ជាដើម ។ អង្គភាព CMAC និងអង្គការ NPA បានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរី M ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន ។

គ្រាប់បែកចង្កោមដែលទាហានសៀមបានប្រើប្រាស់បាញ់មកលើបូរណភាពទឹកដីកម្ពុជាមាន ៣ប្រភេទសំខាន់ គឺ M42 M46 និងM85 តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាព CMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ ភូមិនៃខេត្ត៦ តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ៣,៦០០ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ២,៣៦០គីឡូម៉ែត្រក្រឡា ។ គ្រាប់បែកចង្កោមទាំងនេះ បាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិល និងទីតាំងកងទ័ពជាដើម ។

បើផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណ តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី Mនេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើ.ងធំ ប្រភេទ155MM មានចំនួនប្រមាណ១២០,០០០ទៅ ១៣០,០០០គ្រា.ប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ ។ ការស្រាវជ្រាវមូលដ្ឋានមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ ។
សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរី M មានប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជា នៅលីបង់ ស៊ីរី អ៊ុយក្រែន និងយេមែន ជាដើម។
សូមជម្រាបថា គំនិតផ្តួចផ្តើមនៃការរៀបចំសិក្ខាសាលានេះ បានកើតចេញពីការយល់ឃើញយ៉ាងច្បាស់ថា គ្រាប់បែកចង្កោមប្រភេទនេះ បន្តបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែង ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់ ហើយអង្គភាព CMAC ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល នឹងខិតខំបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ក្តីសង្ឃឹមនិងភាពរុងរឿង៕









ចែករំលែកព័តមាននេះ