ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់​អតីត​ពលករ​! ក្រសួង​ការងារ​ចាប់ផ្តើម​ចុះ​ឈ្មោះ​ធ្វើតេស្ត​ ទទួលស្គាល់​ជំនាញ​ពី​មុន​ ចាប់ពី​ថ្ងៃនេះ​តទៅ​ “​សូម​មក​ចុះ​ឈ្មោះ​ព្រោះ​ឥត​គិតថ្លៃ​”

12 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ បន្ថែម​ពី​រក​ការងារ​ធ្វើ​ជូន​អតីត​ពលករ​រាប់​សែន​កន្លែង ចាប់ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​ទៅ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱ្យ​អតីត​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ​អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​(RPL)​បាន​ដោយ​ឥត​គិតថ្លៃ…

រាជធានីភ្នំពេញ​ ៖ បន្ថែម​ពី​រក​ការងារ​ធ្វើ​ជូន​អតីត​ពលករ​រាប់​សែន​កន្លែង ចាប់ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​ទៅ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱ្យ​អតីត​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ​អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​(RPL)​បាន​ដោយ​ឥត​គិតថ្លៃ ដើម្បី​ទទួលស្គាល់​បទ​ពិសោធន៍ និង​ចំណេះ​ជំនាញ​ពី​ការ​អនុវត្ត​ជាក់ស្តែង​ ទៅ​ជា​ចំណេះដឹង​ផ្លូវការ​ដែល​មាន​សញ្ញាបត្រ​ត្រឹមត្រូវ និង​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ និង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​ ។

លោក ស៊ុន មេ​សា បញ្ជាក់​ថា​៖ «រដ្ឋ​ផ្តល់​ការ​ធ្វើតេស្ត​ដោយ​ឥត​គិតថ្លៃ​ព្រោះ​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​រដ្ឋ​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​របស់​បងប្អូន​អតីត​ពលករ​ ដែល​អាច​មក​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា​នេះ​ នៅ​តាម​សាលា​ទាំង​៩ របស់​យើង ដើម្បី​ទទួល​បានការ​បញ្ជាក់​ជា​ផ្លូវការ​សម្រាប់​បងប្អូន​យក​ទៅ​បង្ហាញ​ជូន​និយោជក​អំពី​សមត្ថភាព​របស់​ខ្លួន និង​កាន់​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ ព្រម​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​»​ ។

លោក​បន្ត​ថា បន្ថែម​ពីលើ​ការ​ផ្តល់​ការងារ​ធ្វើ​ក្នុង​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋាន​ធំ​ៗ​បាន​ជាង ៣៣​ម៉ឺន​នាក់ និង​ការងារ​ក្នុង​ការដ្ឋាន​សំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និង​កន្លែង​លក់រាយ​បាន​ជាង ៣២​ម៉ឺន​នាក់ ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​របស់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ដោយ​ផ្តើម​ចេញពី​វិស័យ​សំណង់​មុន លើ​៨ មុខ​ជំនាញ ដែល​ជា​យន្តការ​ទទួលស្គាល់ ​បទ​ពិសោធន៍​និង​ចំណេះ​ជំនាញ​ពី​ការ​អនុវត្ត​ជាក់ស្តែង ​ទៅ​ជា​ចំណេះដឹង​ផ្លូវការ ដើម្បី​បងប្អូន​អាច​បង្ហាញ​ជូន​និយោជក​ អំពី​សមត្ថភាព​របស់​ខ្លួន និង​កាន់តែ​ងាយស្រួល ​ក្នុង​ការ​ស្វែងរក​ការងារ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ធ្វើតេស្ត​នឹង​ចាប់ផ្តើម​នៅ​រៀង​រាល់ពេល​ចុង​ស​ប្តា​ហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នេះ​តទៅ នៅ​តាម​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំនួន ៩ ដែល​មាននៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តតាកែវ​។ ជំនាញ​ដែល​ត្រូវធ្វើ​តេស្ត​ទាំង ៨​នោះ​រួម​មាន ១. ការងារ​កំបោរ​(​រៀប​ឥដ្ឋ​និង​បូក​) ២. ការងារ​ការ៉ូ ៣. ការ​ដំឡើង​ពុម្ព ៤. ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ៥. ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ៦. ការងារ​រន្ទា ៧. ការ​ដំឡើង​សរសៃដែក ៨. ការ​ផ្សារ​អគ្គិសនី ​។

សូម​បញ្ជាក់​ថា ក្រៅពី​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ ផ្នែក​កសិកម្ម ដែល​មាន​រយៈពេល ១​ស​ប្តា​ហ៍ និង​ផ្នែក​សេវាកម្ម ដែល​មាន​រយៈពេល ១​ខែ នៅ​តាម​សហគមន៍ សម្រាប់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ផង​ដែរ ​។

យ៉ាងណា​ក៏​ដោយ ដើម្បី​ភាព​ងាយស្រួល លោក ស៊ុន មេ​សា បាន​ស្នើ​ឱ្យ​បងប្អូន​អតីត​ពលករ​ដែល​មាន​បំណង​ចង់​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​ផ្នែក​សំណង់​អាច​ទាក់ទង​មក​ប្រព័ន្ធ​ឆ្លើយ​តប​បន្ទាន់​(Hotline)១២៩៧ ឬ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ https://erpl.mlvt.gov.kh ឬ​ស្កែ​ន​ឃ្យូ​អរ​កូដ​ដើម្បី​ចុះ​ឈ្មោះ​ ៕ អត្ថបទសហការ