រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំ រឿងឃាតកម្មរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលចូលទៅបាញ់សម្លាប់មនុស្សដល់ក្នុងផ្ទះយ៉ាងឃោរឃៅបំផុត គ្រាន់តែជម្លោះរឿងស្នួរហាលខោអាវជាប់របងគ្នាប៉ុណ្ណោះ ។ សូមរំលឹកថា៖ សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ប្រកាសទោសថ្ងៃទី២៣ ធ្នូ

ក្រុមប្រឹក្សាជំនុំជម្រះ មានលោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាលោក ឃុន សូណា ចៅក្រមប្រឹក្សាលោក លី សុខលេង ចៅក្រមប្រឹក្សា តំណាងមហាអយ្យការ ៖ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជ អាជ្ញារង ក្រឡាបញ្ជីសវនាការ ៖ កញ្ញា វ៉ា ដានីត ក្រឡាបញ្ជី ។ ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងសភាព្រហ្មទណ្ឌលេខ២៤៨ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ដែលមានជនជាប់ចោទ ឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរពាណិជ្ជករ អា សយដ្ឋានមុនឃុំខ្លួនស្នាក់នៅផ្ទះលេខ៤៤ ផ្លូវ ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍ មានចំនួន១៦ទំព័រ បានបញ្ជាក់ ពីអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់ លើសំណុំរឿងឃាតកម្មរបស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ជាចុងក្រោយសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បានវិនិច្ឆ័យសេចក្តី ៖

១-បដិសេធ មិនទទួលយកពាក្យស្នើសុំបញ្ចូលសំណុំរឿងរបស់លោកមេធាវី ហាក់ ស៊ីណា ជាមេធាវីការពារសិទ្ធិឲ្យជន ជាប់ចោទឈ្មោះ ស្រី ស៊ីណា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។
២-ទទួលសេចក្តីចម្លងបណ្តឹងឧទ្ធរណ៍ ២.១លេខ២០៩១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ របស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ តែបដិសេធចោលដោយទាស់ និងគតិច្បាប់ ។
៣-តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ «ជ១»ក្រ៦ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការដដែល ។
៤-បន្តឃុំខ្លួនជនជាប់ចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធី ។

សាលដីកានេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ចំពោះមុខជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ចាន់ ឡុង ឈ្មោះ ជា អញ្ជលី ឈ្មោះ ម៉ាំង បូណា និងឈ្មោះ ស៊ីន សុខគីម និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បើកសិទ្ធិប្តឹងសាទុក្ខតាមកំណត់ច្បាប់ ៕
ចែករំលែកព័តមាននេះ