រាជធានីភ្នំពេញ ៖ សំណុំរឿងអតីតឧកញ៉ាស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីចូលទៅបាញ់ប្រហារគូស្នេហ៍នៅក្នុងផ្ទះ បណ្តាលឲ្យស្លាប់ទាំង២នាក់ និងរបួស២នាក់ ក្នុងទំនាស់រឿងស្នួហាលខោអាវដែលមានព្រំដីជាប់គ្នានោះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពីបទឃាតកម្មប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ប៉ុន្តែក្រោយពីតុលាការសាកសួរដេញដោលចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចកំណត់យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃប្រកាសសាលក្រមជាផ្លូវការផ្តន្ទាទោសលើជនជាប់ចោទ ។
សូមជម្រាបថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់គូស្នេហ៍ដាក់ពន្ធនា គារជាបណ្ដោះអាសន្ន ។ ការសម្រេចឃុំខ្លួនជនត្រូវចោទរបស់ចៅក្រមស៊ើបសួរនោះ គឺបន្ទាប់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ដែលមានឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ឡុង លីសុង ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឃីន កញ្ចនាភេទស្រី ស្លាប់ ព្រមទាំងឈ្មោះ ហុង រិទ្ធារ័ក្ស និងឈ្មោះ សុខុម រតនៈ រងរបួស ។

ក្រោយពីពិនិត្យលើសំណុំរឿង ព្រមទាំងស្តាប់ចម្លើយភាគីពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងអំឡុងឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវP-១០F នៃបុរី ប៉េង ហួត បឹងស្ងោ ឱ្យទៅឈ្មោះ សេង ចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ ។ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ សាន ស្រីពេជ្រ មានជម្លោះជា មួយឈ្មោះ ឡុង លីសុង ដែលជាអ្នកជិតខាងគ្នាពីរឿងកាប់មែកស្វាយ វាយកម្ទេចផើងផ្កា និងស្នួហាលខោអាវ លយចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ឡុង លីសុង ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានទូរស័ព្ទប្រាប់ទៅឈ្មោះ ស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ ។
រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះខាងលើដើម្បីដោះស្រាយ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុសរបស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើករថយន្តទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតរថយន្ត ។ ពេលដែលឈ្មោះ សាន សុខចំរើន នាំឈ្មោះស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះនេះក៏បានបើករថយន្តចេញពីផ្ទះកើតហេតុ ដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រដែលរៀននៅសាលាម្តុំវត្តនិរោធភ្លាមដែរ ។

ដោយឡែក ឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯងក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះពីថ្ងៃមុន ។ ការជជែកគ្នាក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា បានដកកាំភ្លើងខ្លីដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ នៅពេលឃើញសភាពដូច្នេះ ឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី បន្ទាប់មកក៏ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកឯមនុស្សប្រុស២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នា ក៏ត្រូវឈ្មោះ ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់បណ្តាលឱ្យរងរបួសដៃ និងជើងដែរ ។ក្រោយពីធ្វើសកម្មភាពបាញ់ ប្រហាររួច ជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុ ហើយសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវឈ្មោះ ទិន ទូច ហៅ រ៉ាដូ ឱ្យជូនទៅកន្លែងចតរថយន្តរួចក៏បើកគេចខ្លួន ។
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីហេតុការណ៍ខាងលើ កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ផ្អែកលើមូលដ្ឋាន និងភ័ស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យចំនួន២សំណុំរឿង ៖សំណុំរឿងទី១-ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់ស្លាប់ តំណាងអយ្យការចោទប្រកាន់ពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
សំណុំរឿងទី២-ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស តំណាងអយ្យការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
បន្ទាប់ពីតំណាងអយ្យការ សម្រេចធ្វើការចោទប្រកាន់ខ្មាន់កាំភ្លើងជាផ្លូវការហើយ នាថ្ងៃដដែលនោះ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរក៏បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការកាត់ក្តីនាពេលនេះ ។

ប្រតិកម្មរបស់មហាជននាពេលនោះ ប្រៀបដូចជាទឹកបាក់ទំនប់ ដោយទាមទារឲ្យកាត់ទោសខ្មាន់កាំភ្លើង ស្រី សុីណា ដាក់គុក១ជីវិត រហូតដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រញាប់ប្រញាល់ធ្វើសន្និសីទសារព័ត៌មានជុំវិញសំណុំរឿងនេះ តាមបញ្ជារបស់សម្ដេចបវរធិបតី ហុ៊ន ម៉ាណែត នាយករដ្ឋមន្ត្រី ។ តុលាការបានបើកសវនាការរឿងក្ដីនេះ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅរួចរាល់ហើយ ។
ក្រោយការសាកសួររួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចយកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃប្រកាសសាលក្រមផ្ដន្ទាទោស ។ សូមរង់ចាំតាមដានបន្តទៀត ៕
ចែករំលែកព័តមាននេះ