ខេត្តកណ្តាល ៖ បុរសដែលជាជនសង្ស័យម្នាក់ព្រោះតែខូចចិត្ត និងប្រពន្ធរត់ចោលផឹកស្រាបៀរអស់ចំនួន០៣កំប៉ុងទាញកាំបិតបុ័ងតោមកកាប់រូបសំណាកលោកតាសូ បណ្តាលឱ្យបាក់បែក ដើម្បីតែបញ្ចេញកំហឹង ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង០៨ និង ៥០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអាស្រមលោកតាសូ ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សូមរំលឹកថា៖ រូបសំណាកលោកតាសូ ល្បីថាស័ក្តិសិទ្ធិ ត្រូវជនមិនស្គាល់មុខវា.យកម្ទេ.ច

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថាជនសង្ស័យមានឈ្មោះ នួន ភក្តី ហៅ (ម៉ៅ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០៤ឆ្នាំមកហើយ ។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោ ចំនួន០១ដើម និង ខូចខាត រូបសំណាក់លោកតាសូបែកបាក់ចំនួន០១ធំ ។
លោកវរសេនីយ៍ឯក ព្រំ សំណាង បានបន្តឱ្យដឹងថា កាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ជនសង្ស័យបានផឹកស្រាបៀរចំនួន០៣កំប៉ុង រួចក៏ដើរមកផ្ទះវិញ ដោយសភាពស្រវឹងផងខូចចិត្តខឹងរឿងប្រពន្ធរត់ចោល ស្រាប់តែស្ទុះទៅទាញយកកាំបិតបុ័ងតោ ចំនួន០១ដើម ដើរសំដៅទៅអាស្រមលោកតាសូ រួចធ្វើសកម្មភាពកាប់កម្ទេចរូបសំណាក់ បណ្តាលឱ្យបាក់បែកខូចខាត ស្របពេលធ្វើសកម្មភាពរួច ជនសង្ស័យក៏ដើរទៅផ្ទះចូលសម្រាកជាធម្មតាយ៉ាងព្រងើយ ។

លុះរហូតដល់ព្រឹកឡើងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០ និង៣០នាទីព្រឹក ជនរងគ្រោះជាលោកតាអារ្យ(តំណាងឱ្យព្រះសង្ឃ)បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលគគីរធំ ក្រោយពីទទួលបានបណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើសាកសួរ។

នៅចំពោះ មុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកកាំបិតបុ័ងតោ កាប់ទៅលើរូបសំណាក់លោកតាសូពិតប្រាកដមែន មូលហេតុខ្លួនស្រវឹងស្រា និងតូចចិត្តនឹងប្រពន្ធរត់ចោល ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកកៀនស្វាយ កំពុងកសាងសំណុំបញ្ចូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ