ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជាកម្ពុជាមិនលឿនយ៉ាងណាតែមានការវិវត្តន៍ ខណៈពីធ្លាប់ទិញទឹកក្រូចមួយកំប៉ុងពីក្រៅប្រទេសរហូតផលិតនាំចេញ

7 ម៉ោង មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបីជា​កម្ពុ ជា​រីក​ចម្រើន​លឿន​យ៉ាងណា ក៏​មានការ​វិវត្តន៍ ខណៈ​ពី​មុន​មក​ធ្លាប់តែ​នាំ​ចូល​ពី​ក្រៅប្រទេស…

ខេត្តពោធិ៍សាត់ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបីជា​កម្ពុ ជា​រីក​ចម្រើន​លឿន​យ៉ាងណា ក៏​មានការ​វិវត្តន៍ ខណៈ​ពី​មុន​មក​ធ្លាប់តែ​នាំ​ចូល​ពី​ក្រៅប្រទេស សូ​ម្បី​តែ​ទឹក ក្រូច​មួយ​កំប៉ុង​ក៏​ទិញ​ពី​ក្រៅប្រទេស តែ​ពេល​នេះ មានការ​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​វិញ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ សម្តេច មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ទោះបីជា​នៅ​ខេត្តពោធិ៍សាត់​ដែល​ជា​កន្លែង​ដែល​គេ​ធ្លាប់​ជិះ​កាត់​មក​ហួស​ទៅ​ហួស បែរមក​ក្លាយជា​កន្លែង​មាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម​ជួយ​ឲ្យ​ពលរដ្ឋ​ច្រើន​រយ​នាក់​មានការ​ងារ​ធ្វើ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ថា កាលពី​២០ ឬ​៣០​ឆ្នាំ​មុន យើង​គិត​ថា កម្ពុជា​មាន​កន្លែង​សម្រាប់​ផលិត​រថយន្ត​នោះ​ទេ ហើយ​កាលពី​ឆ្នាំ​៩០​ជាង អ្វី​ក៏​នាំ​ចូល​មក​ដែរ ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ឧស្សាហ៍​និយាយ​ថា កាលពី​ឆ្នាំ​៩០​ជាង សូ​ម្បី​ទឹកក្រូច​មួយ​កំប៉ុង​ក៏​នាំ​ចូល​ដែរ ចំពោះ​ផលិតផល​សម្រេច ។ ផ្លែ​ឈើ​កញ្ចប់​ដែល​ដាក់​ស្លាក សុទ្ធតែ​នាំ​ពី​ក្រៅប្រទេស ខោអាវ​មិន​ដែល​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទេ ប៉ុន្តែ​មក​ដល់​ឆ្នាំ​នេះ​កម្ពុជា​យើង​មាន​សមត្ថភាព​ផលិត​ផ្ត​ត់​ផ្គង់​ទីផ្សារ​ក្នុងស្រុក​មួយ​ចំនួន ហើយ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស មាន​ផលិតផល​កសិកម្ម ឧស្សាហកម្ម​…» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា កាលពីមុន កម្ពុជា​យើង​បាន​នាំ​ចូល​អ្វី​ទាំងអស់ តែ​ក្រោយមក យើង​ផលិត​នាំ​ចេញ​គ្រឿង​ភេ​ជ្ជៈ ខោអាវ ផលិត​គ្រឿង​បង្គុំ​អគ្គិសនី ផលិត​រថយន្ត ដែល​មាន​ក្រុមហ៊ុន​ល្បី​មក​ពី​អា​មេ​រិ​ក​ផង​ដែរ ។ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិស័យ​គ្រឿងយន្ត ទាំង​អ្នក​វិនិយោគ​ថ្មី និង​អ្នក​វិនិយោគ​ចាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ស្មើភាព ។ សម្តេច​ថា កត្តា​សន្តិភាព​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​មាន​ទំនុកចិត្ត ក្នុង​ការ​ដាក់​ទុន​វិនិយោគ ព្រោះថា បើ​ប្រទេស​គ្មាន​សន្តិភាព គ្មាន​អ្នក​ណា​ហ៊ាន​មក​វិនិយោគ​នោះ​ទេ ។ ចំណុច​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ធានា​បាន​ផ្ទុយ​ទៅ​វិញ បើសិន​រាជរដ្ឋាភិបាល​រាប់​អាណត្តិ​មកនេះ មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន​នោះ​ទេ ក៏​គ្មាន​អ្នក​មក​វិនិយោគ ឬ​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​គេ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ