ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាជិះម៉ូតូឆក់ទូរស័ព្ទយ៉ាងសកម្មក្នុងខណ្ឌកំបូលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺសហការស្រាវជ្រាវឃាត់បាន ខណៈដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅលើផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ហើយរត់គេចខ្លួនមកសំងំនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទយ៉ាងសកម្មនេះបានកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលបាននិយាយឱ្យដឹងថា ជនសង្ស័យឆក់ទូរស័ព្ទដែលឃាត់ខ្លួនបានមានឈ្មោះ បុឹម ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលដដែលបានបន្តថា នៅមុនពេលស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស៊េីបអង្កេតស្រាវជ្រាវលេីករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហឹង្សា (ឆក់ទូរសព្ទដៃ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង២៨ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ បុឹម ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងបន្សល់ទុកម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-7310 លេខតួ+លេខម៉ាស៊ីន 0296 286។ បន្ទាប់ធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាខាងលើរួចរាល់ហើយ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ចប្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាងខាងលេី នគរបាលស្រុកសំរោងទង បានប្រគល់ជនសង្ស័យ ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុការចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ