រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានអ្នកខ្លះ យកតែរឿងមិនប្រក្រតីតែមួយ មកវាយប្រហារលើរាជរដ្ឋាភិបាល ខណៈមានភាពល្អជាច្រើន មិនព្រមមកជួយផ្សព្វផ្សាយនោះទេ ។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំគិតថា គួរតែមើលអ្វីដែរវិជ្ជមានទៅ កុំទៅយករឿងអវិជ្ជមាន។ ប្រជាពលរដ្ឋយើងស្លៀកពាក់ប្រពៃណីខ្មែរមួយកគោថតនៅអង្គរវត្ត ហើយក៏មានជនបរទេសក៏ស្លៀកបំពាក់ប្រពៃណីខ្មែរយើង ថតដែរ ម៉េចមិនផ្សព្វផ្សាយ ? គ្រាន់តែមានម្នាក់ដោះអាវនៅស្វាយរៀងនោះ គេផ្តោតតែអាហ្នឹង ហើយជេរមករាជរដ្ឋាភិបាល ថា អសីលធម៌ ខូចប្រពៃណីខ្មែរអស់ហើយ» ។
ទាក់ទិននឹងអ្នកដែលដោះអាវ នៅចំពោះមុខមហាជនកំពុងរាំងលេងនៅខេត្តស្វាយរៀង នៅថ្ងៃចូលឆ្នាំកន្លងមកនេះ ត្រូវបានសម្តេចបវរធិបតី បានលើកឡើងថា ជារឿងរបស់នាក់នោះ ហើយបានណែនាំរួចហើយ និងមិនគាំទ្រនោះទេ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «ម្នាក់ហ្នឹងគាត់ធ្វើជារឿងរបស់គាត់ ហើយយើងបានណែនាំរួចហើយ ហើយយើងមិនគាំទ្រទេ ប៉ុន្តែយើងគួររួមគ្នាផ្សព្វផ្សាយអ្វីដែលវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន ឲ្យបានច្រើន នេះហើយដែលជាការលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ ជាចំណុចល្អ។ ផ្ទុយទៅវិញ បើសិនយើងនាំគ្នាផ្សព្វផ្សាយរឿងអវិជ្ជមានហើយ ផ្តោតលើអ្វីអវិជ្ជមាននោះ ប្រទេសយើងនឹងរលាយហើយ» ។
សម្តេចបវរធិបតី បានបន្ថែមថា រាល់បញ្ហាអវិជ្ជាមាន ត្រូវតែមានដំណោះស្រាយ ហើយត្រូវតែអបអរសារទអ្វី ដែលយើងរួមគ្នាធ្វើបាន ដើម្បីជាមូលដ្ឋាន និងថាមពលបន្តដំណើរទៅមុខទៀត។ សមទ្ធិផលដែលយើងធ្វើបាននេះ បានធ្វើឲ្យមានមោនកភាពថា កំពង់ផែអន្តរជាតិខេត្តកំពត នេះជាសមទ្ធិផលទី១ឆ្នាំថ្មីនេះ ៕






ចែករំលែកព័តមាននេះ