ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីប្រើប្រាស់កាំបិត និងជំពាមកៅស៊ូ ស្ទាក់កាប់ និងបាញ់ទៅលើគូរសត្រូវរបស់ខ្លួន តែបែរជាទៅត្រូវចំស្ត្រីម្នាក់បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា នៅក្បែរសាលាបឋមសិក្សាមួយកន្លែង ក្នុងភូមិព្រៃទទឹង ឃុំបួវិល ស្រុកបវេល ។
សមត្ថកិច្ចបានរាយការណ៏ថា ក្រុមក្មេងអន្ធពាលទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនមាន ៖
១.ឈ្មោះ វីតា ឆាវ៉ាន ប្រុសអាយុ១៧ឆ្នាំ
២.ឈ្មោះ វង្ស មករា ប្រុសអាយុ១៦ឆ្នាំ
៣.ឈ្មោះ ម៉ៅ ចាន់រី ប្រុសអាយុ២០ឆ្នាំ
និង៤.ឈ្មោះ ធី ផល្លា ប្រុសអាយុ២០ឆ្នាំ ។
ក្រុមអន្ធពាលទាំងនេះ ត្រូវបានកម្លាំងអធិការស្រុក សហការជាមួយកម្លាំងប៉ុស្ដ៏រដ្ឋបាល ស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលបង្កអំពើហឹង្សា ។
ជាមួយនឹងការឃាត់ខ្លួន កម្លាំងជំនាញ ក៏បានដកហូតនូវវត្ថុតាងមួយចំនួនដែរ ដូចជា កាំបិតប៉័ងតោ ដាវសាំម៉ូរៃ ជំពាមកៅស៊ូ និង គ្រាប់កង់ រួមជាមួយម៉ូតូ០១គ្រឿងផង ។
សមត្ថកិច្ចបានប្រាប់ថា ក្រុមនេះ បានប្រើប្រាស់កាំបិត ដាវ និងជំពាមកៅស៊ូ ចាំស្ទាក់កាប់ និងបាញ់ទៅលើគូរសត្រូវរបស់ខ្លួន តែចៃដន្យគ្រាប់ជំពាម បែរជាទៅត្រូវចំស្ត្រីម្នាក់ ដែលមិនបានដឹងរឿងអ្វីសោះ បណ្ដាលឲ្យរងរបួស ។
នៅចំពោះមុខមន្ត្រីជំនាញ ក្រុមនេះបានសារភាពថា ពួកគេពិតជាបានប្រើប្រាស់អាវុធខាងលើ (វត្ថុតាងដកហូត) យកទៅប្រព្រឹត្តបទល្មើសមែន ។
បើតាមលោក សុខ សារិន អធិការស្រុកបវេល បានស្រង់ចម្លើយក្រុមក្មេងទំនើងថា ដំបូងពួកគេបាន(ជនដៃដល់) បានផ្ទុះជម្លោះជាមួយមនុស្សមួយក្រុម តែពេលពួកខ្លួនលើកគ្នាទៅប្រយុទ្ធ ស្រាប់តែក្រុមនោះរត់គេចអស់(ក្រុមទី១) ។ គ្រានោះ ក៏ប្រទះឃើញមនុស្សមួយក្រុមផ្សេងទៀត(ក្រុមទី២) មកដល់ ស្មានតែគូរសត្រូវរបស់ខ្លួន ក៏ទាញជំពាមកៅស៊ូបាញ់ តែចៃដន្យបែរជាទៅត្រូវស្ត្រីម្នាក់ទៀត ដែលជាជនទី៣ បណ្ដាលឲ្យរងរបួស។ បន្តិចក្រោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចតាមក្របួចជាប់វ៉ៃខ្នោះពួកគេល្មម ។
លោក សុខ សារិន អធិការស្រុកបវេល បានបញ្ជាក់ថា តាមពីក្រុមជនសង្ស័យទាំង០៤នាក់នេះ មានចេតនាបង្កហិ.ង្សាដ៏ឃោឃៅទៅលើគូរសត្រូវទី១ របស់ខ្លួន តែស្ទាក់ច្រឡំ ក៏ប៉ះទៅលើក្រុមផ្សេង និងឈានទៅបង្កឲ្យមានរបួសស្នាមដល់ស្ត្រីម្នាក់ ដែលគាត់មិនបានដឹងអ្វីសោះ។ ប៉ុន្តែយ៉ាងណា ពេលនេះ លោកស្នងការខេត្ត និង តំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនក្រុមជនទំនើងទាំងនេះទៅកាន់ស្នងការខេត្ត ចាត់ការតាមនីតិវិធីហើយ ៕


ចែករំលែកព័តមាននេះ