រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទម្នាក់ ពាក់ព័ន្ធសំណុំរឿងឃាតកម្មគិតទុកជាមុន និងលួចមានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងបើកផ្លូវឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកបើកសវនាការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ ដែលមានជនជាប់ចោទឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួចចាក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានភ្ជង់គំរាមយកទូរស័ព្ទពីជនរងគ្រោះ ហើយគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ។
ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានចុះទៅសហការជាមួយនគរបាលស្រុកមុខកំពូល ខេត្តណ្តាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកម៉ាស្សា នៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល និងដកហូតសម្ភារៈវត្ថុតាងពាក់ព័ន្ធអំពើឃាតកម្មមួយចំនួនផងដែរ គឺឃាតកររត់មិនរួចទេ ប្រៀបដូចកម្មតាមចងជើង ។
វត្ថុតាងទាំងនោះរួមមាន ទូរស្ទ័ពដៃ៥គ្រឿង កាំបិតចុងស្រួចដងជ័រ២ដើម ម៉ូតូម៉ាកស៊ុយហ្សុ៊យគីវីវ៉ា១គ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង ១H-៩៧៦០ និងមួកសុវត្ថិភាព១ ។
ពេលចាប់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននិងជនរងគ្រោះឈ្មោះពៅ ជាមនុស្សស្គាល់គ្នា ហើយបានមកធ្វើការងារជាបុគ្គលិកម៉ាស្សា និងស្នាក់នៅជាមួយគ្នាទៀតផង ។ ជនសង្ស័យបានដាក់កាំបិតក្នុងកាបូបស្ពាយតាមខ្លួនជារៀងរាល់ថ្ងៃ ដើម្បីទុកការពារខ្លួនពេលត្រឡប់ទៅផ្ទះវិញ ដែលកន្លងមកខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រឿងមិនទាក់ទងជួយរកការងារឲ្យធ្វើ ។
លុះនៅថ្ងៃកើតហេតុ ខ្លួនក៏បានយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ដោយគំនុំគុំកួនជាមួយជនរងគ្រោះយូរមកហើយមិនតែប៉ុណ្ណោះ ខ្លួនពិតជាបានយកកាំបិតភ្ជង់គំរាមកំហែងយកទូរស័ព្ទពីបុគ្គលិកធ្វើការជាមួយគ្នាទៀតផង ក្នុងគោលបំណងលក់យកលុយដើម្បីបានចាយវាយ ។
ជនសង្ស័យសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំចំនួន១លើក នៅអំឡុងឆ្នាំ២០២៤ ប៉ុន្តែមិនធ្លាប់ជាប់ពន្ធនាគារទេ ។ ម្តងនេះបានភ្លក្សរស់ជាតិហើយ អាចជាប់គុកមួយជីវិត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសក្នុងអំពើឃាតកម្ម ៕
ចែករំលែកព័តមាននេះ