ក្រសួងការបរទេសឥណ្ឌា តាមរយ:អ្នកនាំពាក្យរបស់ខ្លួន បានរិះគន់ដល់ការបំផ្លាញរូបសំណាកព្រះវិសណ្ណុនៃសាសនាហិណ្ឌូដោយកងទ័ពថៃ ដែលបានចូលមកឈ្លានពានកម្ពុជា ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងការវាយកម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូ កាលពីថ្ងៃទី២៤ ខែ ធ្នូ អ្នកនាំពាក្យផ្លូវការ លោក Shri Randhir Jaiswal បានមានប្រសាសន៍ថា «យើងបានឃើញរបាយការណ៍ស្តីពីការវាយកម្ទេចរូបសំណាកសាសនាហិណ្ឌូមួយ ដែលត្រូវបានសាងសង់ឡើងនាពេលថ្មីៗនេះ និងមានទីតាំងស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនដែលកំពុងបន្តកើតមានរវាងថៃ និងកម្ពុជា»។
អ្នកនាំពាក្យនិយាយទៀតថា សាសហិណ្ឌូ និងពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជននៅទូទាំងតំបន់ ដែលជាផ្នែកមួយនៃមរតកអរិយធម៌រួមរបស់យើង។ «សកម្មភាពខ្វះការគោរពបែបនេះ»បានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយមិនគួរឱ្យកើតមានឡើងនោះទេ។
យើងសូមជំរុញម្តងទៀតដល់ភាគីទាំងពីរឱ្យត្រឡប់ទៅរកការសន្ទនា និងការទូតឡើងវិញ ដើម្បីបន្តសន្តិភាព និងចៀសវាងការបាត់បង់ជីវិតបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងមរតកផ្សេងៗ ។
ចែករំលែកព័តមាននេះ