ខេត្តសៀមរាប ៖ នៅលើទឹកដីខេត្តសៀមរាប នារាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបើកបង្ហាញជាផ្លូវការនូវស្នាដៃកូនខ្មែរ ក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញពីការពិត ការឈឺចាប់នៃសង្គ្រាម ក្នុងគោលបំណងផ្តល់សំឡេងដល់ជនស៊ីវិល ការគោរពបេតិកភណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការចំពោះចោរឈ្លានពានសៀម ។

គំនូរមួយផ្ទាំងនេះ បានរៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដោយមានលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ លោកស្រីមាស ច័ន្ទដាលីន ព្រមទាំងសិល្បករ សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមានវិចិត្រករជាង៧០នាក់ មកពីខេត្ត ផ្សេងៗគ្នា ។

ទាំងអស់គ្នាបានសហការរៀបចំ ដើម្បីបង្កើតស្នាដៃសិល្បៈនេះឡើង ក្នុងទំហំ៥ម៉ែត្រ គុណនឹង៣០ម៉ែត្ររួមគ្នា រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ។
សិល្បៈគំនូរនេះ បានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខ វេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា មានដូចជា ស្ត្រីខ្មែរលុតជង្គង់ ឱបរូបថតពលទាហានជាស្វាមី ដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយង់ឃ្នងរបស់សៀម ទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលី ។

សិស្សកំពុងរត់មិនមែនរត់ប្រឡែងគ្នាទេ តែពួកគេរត់គេចពីគ្រាប់ផ្លោងរបស់យោធាសៀម កុមារីម្នាក់លើកដៃសំពះ សួររកឪពុក កែវភ្នែករន្ធត់ពេញដោយទុក្ខព្រួយ ដែលកុមារកម្ពុជាមិនគួរជួបប្រទះទេនៅក្នុងសម័យទំនើបយើងនេះ។
ផ្ទាំងគំនូរទាំងអស់នោះហើយ ដែលជាស្នាដៃរបស់កូនខ្មែរ បានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ នៅពីក្រោយគំនូរបានបង្ហាញឱ្យពិភពលោកទាមទារនូវសន្តិភាព ។
ជាមួយការទស្សនាផ្ទាំគំនូរនេះប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស ក៏អាចដាក់កម្រងផ្កា ដុតធូប គោរពវិញ្ញាណក្ខន្ធទាហានដែលបានពលីជីវិតនៅក្នុងសមរភូមិផងដែរ ៕




ចែករំលែកព័តមាននេះ