ខេត្តព្រៃវែង ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំកម្មវិធីសង្ក្រាន្តចំនួន ៣កន្លែង ដើម្បីបង្កើនបរិយាកាសរីករាយ សាមគ្គីភាព និងអភិរក្សប្រពៃណីវប្បធម៌ជាតិ។
តាមការបញ្ជាក់របស់រដ្ឋបាលស្រុកពារាំង កម្មវិធីសង្ក្រាន្តទាំង ៣កន្លែងនោះ នឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធធ្វើនៅខាងមុខវិទ្យាល័យព្រៃព្នៅ។ ថ្ងៃទី៧ ខែមេសា ប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ពារាំង និងនៅថ្ងៃទី៨ មេសា ប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល។
ក្នុងកម្មវិធីសង្ក្រាន្តនីមួយៗ មានរៀបចំសកម្មភាពបែបប្រពៃណីជាច្រើន រួមមាន ការតាំងបង្ហាញផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងកម្មវិធីរាំលេងកម្សាន្តយ៉ាងសម្បូរបែប។
ជាពិសេស សម្រាប់សង្ក្រាន្តសហគមន៍ព្រៃព្នៅ ដែលប្រារព្ធធ្វើនៅថ្ងៃទី 5 មេសា ក៏មានការផ្តល់ជូនពងទាស្ងោរចំនួន ១០,០០០ គ្រាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃផងដែរ។
ដើម្បីញ៉ាំងកម្មវិធីសង្ក្រាន្តទាំង 3 ទីតាំងនេះហើយប្រព្រឹត្តទៅយ៉ាងអត្ថធម្មនិងសប្បាយរីករាយ រដ្ឋបាលស្រុកពារាំង បានបង្ហោះកម្មវិធីនៅក្នុងផេក facebook រដ្ឋបាលស្រុក អញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីសង្ក្រាន្តនេះឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ៕


ចែករំលែកព័តមាននេះ