ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន 8 នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេសាងបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេនាំគ្នាបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ ហើយថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
សកម្មភាពចុះចាប់ឃាត់ក្រុមក្មេងទំនើងនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី 18 ឧសភា នៅលើផ្លូវក្រាលកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិពោធ៍រោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង 4 ល្ងាចថ្ងៃទី 18 ឧសភា ក្រុមក្មេងទំនើងមួយក្រុមមានគ្នា 8 នាក់ ជិះម៉ូតូ 5 គ្រឿង បានប្រមូលផ្ដុំគ្នាបង្ហោះម៉ូតូនៅលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិឃុំខាងលើ ដោយបង្ហោះម៉ូតូបណ្ដើរនាំគ្នាថតបង្ហោះ facebook បណ្តើរ អួតសំញ៉ែងថាក្រុមគេឡូយអស្ចារ្យ។
ដោយមើលឃើញនៅក្នុងបណ្ដាញសង្គមបែបនេះ លោកអធិការស្រុកមេសាង ក៏បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងជាក់ស្ដែងភ្លាមៗ នឹងធ្វើការឃាត់ខ្លួនក្រុមក្មេងទាំងនោះបានជាបន្តបន្ទាប់សរុប 8 នាក់ និងដកហូតម៉ូតូបានចំនួន 5 គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង 8 នាក់កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកមេសាងដោយមន្ត្រីនគរបាលស្រុកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕




ចែករំលែកព័តមាននេះ