ទីក្រុងវ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការបន្តលើកលែងទណ្ឌកម្មរយៈពេល៣០ថ្ងៃទៀត ដែលអនុញ្ញាតឱ្យមានការទិញប្រេងរបស់រុស្ស៊ី ដើម្បីជួយដល់ប្រទេសនានាដែលងាយរងគ្រោះដោយសារវិបត្តិថាមពល បណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា ក្រសួងកំពុងចេញអាជ្ញាប័ណ្ណរយៈពេល៣០ថ្ងៃ បន្ទាប់ពីការលើកលែងពីមុនបានអស់សុពលភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈនេះ នឹងអនុញ្ញាតឱ្យមានការចូលទិញ ឬចរាចរណ៍បណ្តោះអាសន្ននូវប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដែលកំពុងជាប់គាំងលើបណ្តាកប៉ាល់ដឹកប្រេង ដោយមិនរំលោភលើទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីនោះទេ។
ប្រភពសិ្នទ្ធនឹងការសម្រេចចិត្តនេះបង្ហើបបានប្រាប់ Reuters ថា ការពន្យារពេលលើកលែងទណ្ឌកម្មជាលើកទីពីរនេះ ត្រូវបានស្នើសុំដោយបណ្តាប្រទេសក្រីក្រ និងងាយរងគ្រោះ ដែលមិនអាចទទួលបានការដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រពែរ្ស ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស (Hormuz)។
លោក Bessent បានបន្ថែមដូច្នេះថា «ការបន្ថែមសុពលភាពនេះ នឹងផ្តល់ភាពបត់បែនបន្ថែមទៀត ហើយយើងនឹងធ្វើការជាមួយប្រទេសទាំងនេះ ដើម្បីផ្តល់អាជ្ញាប័ណ្ណជាក់លាក់តាមតម្រូវការ។ អាជ្ញាប័ណ្ណទៀតសោត នឹងជួយធ្វើឱ្យទីផ្សារប្រេងឆៅមានស្ថិរភាព និងធានាថា ប្រេងនឹងទៅដល់ប្រទេសដែលងាយរងគ្រោះបំផុត»៕


ចែករំលែកព័តមាននេះ