រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងវិញ អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ ។
ថ្លែងក្នុងការធ្វើសេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា វិធានការរបស់រាជរដ្ឋាភិបាល ទី១-បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។ វិធានការទី ២-បន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល ។
ិធានការទី៣-បញ្ចុះពន្ធគយដល់០(សូន្យ)ដុល្លារ និងវិធានការ ទី៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត ។
អ្នកនាំពាក្យបានលើកឡើងថា វិធានការទាំងនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដែលជាផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ