ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់មកទីតាំងដើមវិញ! ព្រះវិស្ណុគង់លើស្ដេចគ្រុឌ ត្រូវធ្វើពិធីពុទ្ធាភិសេកយ៉ាងអធិកអធម ក្រោយដកចេញអស់ជាង១០ឆ្នាំ

51 វិនាទី មុន

ខេត្តសៀមរាប ៖ សម្តេច ម៉ែ​ន សំ​អន អញ្ជើញ​ពុទ្ធា​ភិ​សេក «​ព្រះ​វិស្ណុ​គង់​លើ​ស្ដេច​គ្រុឌ​» និង​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព និង​ភាព​ត្រជាក់ត្រជុំ​ដល់​ទឹកដី…

ខេត្តសៀមរាប ៖ សម្តេច ម៉ែ​ន សំ​អន អញ្ជើញ​ពុទ្ធា​ភិ​សេក «​ព្រះ​វិស្ណុ​គង់​លើ​ស្ដេច​គ្រុឌ​» និង​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព និង​ភាព​ត្រជាក់ត្រជុំ​ដល់​ទឹកដី និង​ប្រជាពលរដ្ឋ​ខ្មែរ ។

ជាក់ស្តែង​នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ​ថា ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​បដិមា «​ព្រះ​វិស្ណុ​គង់​លើ​ស្ដេច​គ្រុឌ​» ស្ថិត​នៅ​រង្វង់​មូល​មុខ​វិទ្យាល័យ​សម្តេចឪ ឬ​រង្វង់​មូល​អតីត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប និង​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព និង​ភាព​ត្រជាក់ត្រជុំ​ដល់​ទឹកដី និង​ប្រជាពលរដ្ឋ​ខ្មែរ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦​កន្លង​ទៅ​នេះ រដ្ឋបាល​ខេត្តឧត្ដរមានជ័យ និង​រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​គ្នា​រៀបចំ​ពិធី​មង្គល​បួងសួង​សុំ​យាង «​ព្រះ​វិស្ណុ​គង់​លើ​ស្ដេច​គ្រុឌ​» ដង្ហែ​ចេញពី​ទឹកដី​ខេត្តឧត្ដរមានជ័យ មក​កាន់​ទីតាំង​ដើម​នេះ​វិញ ។ «​ព្រះ​វិស្ណុ​គង់​លើ​ស្ដេច​គ្រុឌ​» មិន​ត្រឹមតែ​ជា​រូបសំណាក​សក្ការៈ​នោះ​ទេ ប៉ុន្តែ​គឺជា​ដួង​ព្រលឹង​ដែល​នាំ​មក​នូវ​សេចក្តីសុខ​សន្តិភាព និង​ភាព​ត្រជាក់ត្រជុំ​ដល់​ទឹកដី និង​ប្រជារាស្ត្រ​ខ្មែរ​។ រូបសំណាក​នេះ ត្រូវ​បាន​ដក​ចេញ និង​ជំនួស​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅ​អំឡុង​ឆ្នាំ​២០១០ ឬ​២០១១ ដោយ​រូបសំណាក​នេះ​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​ក្បែរ​រង្វង់​មូល​រដ្ឋបាល​ខេត្តឧត្តរមានជ័យ​។

យោង​តាម​ឯកសារ​នានា បាន​រៀបរាប់​នូវ​ដំណើររឿង​ព្រះ​វិស្ណុ ឬ​ព្រះ​នារាយណ៍ គង់​ប្រថាប់​គង់​លើ ស្ដេច​គ្រុឌ​ជា​យានជំនិះ គឺ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ការ​សន្យា និង​ការ​គោរព​ចំពោះ​ឫទ្ធានុភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ទេវ​កថា​ព្រហ្មញ្ញសាសនា ។ ចំណែកឯ​នៅ​ក្នុង​វប្បធម៌ និង​សិល្បៈ​ខ្មែរ​យើង ទម្រង់ «​ព្រះ​នារាយណ៍​គង់​លើ​គ្រុឌ​» គឺជា​តំណាង​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ចាប់តាំងពី​សម័យ​មុន​អង្គរ អង្គរ​រហូត​មក​ដល់​បច្ចុប្បន្ន ចំណែកឯ​ក្នុង សិល្បៈ​ចម្លាក់ យើង​តែង​សង្កេត​ឃើញ​រូបចម្លាក់​នេះ​នៅ​លើ​ហោជាង ផ្តែរ ឬ​តាម​ជ្រុង​នៃ​ប្រាសាទបុរាណ​នានា (​ដូច​ជា​នៅ​ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និង​ប្រាសាទព្រះខ័ន​ជាដើម​)​។ គ្រុឌ​ច្រើន​តែ​បង្ហាញខ្លួន​ក្នុង​ទម្រង់​ឈរ​យ៉ាង​រឹង​មាំ ដៃ​ទាំង​ពីរ​លើក​ត្រកង ឬ​ទ្រ​ព្រះបាទ​របស់​ព្រះ​នារាយណ៍ ដែល​កំពុង​ឈរ ឬ​គង់​ភ្នែន​ពីលើ ដៃ​កាន់​អាវុធ​ទិព្វ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហ​នុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​, លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស សូម​ឱ្យ​ជួប​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ក្រុម​គ្រួសារ​។ ជា​ពិសេស សូម​ឱ្យ​ប្រទេស​ជាតិ ជៀស​ផុត​នូវ​ជំងឺ​ឧបទ្រពចង្រៃ គ្រោះ​ធម្មជាតិ​នានា សម្បូរ​ណ៍​នូវ​ទេសចរណ៍ មាន​សេដ្ឋកិច្ច​រីក​ចម្រើន សូម​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ និង​នាំ​មក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ