ខេត្តបន្ទាយមានជ័យ ៖ ទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាលនៃបណ្តឹង ចំនួន ២២៤នាក់ ស្រី១៦នាក់ ត្រូវបានផ្ទេរទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែ ចំនួន០៣គោលដៅ ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនារសៀលថ្ងៃទី២៥ ខែមីនានេះ ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានប្រតិបត្តិ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកជញ្ជូនទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាល នៃបណ្តឹងចំនួន២២៤នាក់ ស្រី១៦នាក់ ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែចំនួន ០៣គោលដៅដូចខាងក្រោម ៖
១. មណ្ឌលអប់រំកែប្រែទី១(ព្រៃស) ចំនួន០១នាក់(ប្រុស) ជនជាតិរុស្ស៊ី
២. មណ្ឌលអប់រំកែប្រែទី២(ម២) ចំនួន១៦នាក់(ស្រី) ជនជាតិបរទេសចំនួន ០៥នាក់
៣. មណ្ឌលអប់រំកែប្រែទី៤ (ម៤)ក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន២០៧ នាក់ ជនជាតិបរទេសចំនួន១៧នាក់ ដើម្បីរំដោះភាពចង្អៀតណែន ។



ចែករំលែកព័តមាននេះ