យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា សម្រាប់សុភាពនារីដែលតែងតែជួបប្រទះបញ្ហាឈឺចាប់ខ្លាំងនៅអំឡុងពេលមករដូវ ការទទួលទានសារធាតុចម្រាញ់ពីស្លឹកត្របែកគឺជាដំណោះស្រាយបែបធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត។
តាមរយៈការសិក្សាស្រាវជ្រាវទៅលើស្ត្រីចំនួន ១៩៧ នាក់ដែលមានរោគសញ្ញាឈឺចាប់ខ្លាំង បានរកឃើញថាការទទួលទានសារធាតុចម្រាញ់ពីស្លឹកត្របែកក្នុងបរិមាណ ៦ មិល្លីក្រាមជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយការឈឺចាប់ និងអាការរមួលក្រពើបានយ៉ាងល្អប្រសើរ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ សារធាតុធម្មជាតិដែលមាននៅក្នុងស្លឹកត្របែកនេះ ហាក់ដូចជាមានឥទ្ធិពលខ្លាំងជាងថ្នាំបំបាត់ការឈឺចាប់មួយចំនួនដែលយើងធ្លាប់ប្រើប្រាស់ទៅទៀត។
ចំពោះរបៀបប្រើប្រាស់ដើម្បីជួយសម្រាលការឈឺចាប់ អ្នកអាចអនុវត្តតាមវិធីសាមញ្ញៗដោយយកស្លឹកត្របែកខ្ចីៗពី ៥ ទៅ ១០ សន្លឹកមកលាងសម្អាតឱ្យស្អាត រួចដាក់ដាំទឹកឱ្យពុះក្នុងបរិមាណសមល្មម។ បន្ទាប់មក ទុកឱ្យវានៅក្ដៅឧណ្ហៗ រួចច្រោះយកទឹកមកទទួលទានក្នុងអំឡុងពេលមករដូវ ឬមុនពេលមករដូវបន្តិច ដើម្បីជួយសម្រួលដល់សាច់ដុំស្បូន និងកាត់បន្ថយការរមួល។
ការទទួលទានទឹកស្លឹកត្របែកមិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយឱ្យរាងកាយមានភាពស្រស់ថ្លា និងកាត់បន្ថយភាពតានតឹងបានយ៉ាងល្អក្នុងថ្ងៃពិសេសរបស់មិត្តៗនារី៕
ចែករំលែកព័តមាននេះ