រាជធានីភ្នំពេញ ៖ បុរសម្នាក់កាលពីមុនជាមនុស្សស្លូតបូត មិនដែលចេះរករឿងវាយកាប់ចាក់អ្នកដទៃនោះទេ ប៉ុន្តែ១ឆ្នាំចុងក្រោយនេះ បានប្រែប្រួលទៅជាមនុស្សរោគចិត្ត ដ្បិតប្រពន្ធធ្វើបាប និងរត់ចោលទៅមានប្រុសថ្មីម្នាក់ទៀត មិនតែប៉ុណ្ណោះ ប្រពន្ធបានថតរូបឱបនេបនិត្យជាមួយប្រុសថ្មី រួចបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមើលថែមទៀត ជាហេតុធ្វើឲ្យបុរសនេះក្លាយទៅជាមនុស្សសរសៃប្រសាទតែម្ដង នេះបើតាមការអះអាងរបស់ក្រុមគ្រួសារ ។
បន្ទាប់មកបុរសនោះ បានផឹកស្រាបៀរអស់ចំនួន៣កំប៉ុង ធ្វើឲ្យជំងឺរើឡើង ក៏ទាញពូថៅទៅកាប់ស្ត្រីអ្នកជិតខាងម្នាក់ ខណៈនាងកំពុងអង្គុយហូបស្លាបមាន់អាំងនៅមុខបន្ទប់ជួល បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ខាងលើនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែកជាជនដៃដល់រូបនោះ ឈ្មោះ នួន តុងហាក់ អាយុ២៦ឆ្នាំ មុខរបរអតីតជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបង្ករបួសស្នាមរួច។ ដោយឡែកស្ត្រីជាជនរងគ្រោះឈ្មោះ ទី ដានី អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតខាងលើនោះ នាងរងរបួសថ្ពាល់ស្ដាំ និងដៃស្ដាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅពេទ្យឯកជនមួយ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុពុំបានឃើញជនដៃដល់ និងជនរងគ្រោះឈ្លោះប្រកែកគ្នានោះទេ ហើយកន្លងមកក៏មិនដែលឃើញឈ្លោះគ្នាដែរ ប៉ុន្តែពុំដឹងថា យ៉ាងម៉េចនោះទេ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបស្លាបមាន់អាំងនៅមុខបន្ទប់ជួល ដោយមិនដឹងខ្លួន ស្រាប់តែជនសង្ស័យក្រោកពីអង្រឹងទាញពូថៅស្ទុះចូលទៅកាប់នាងម្នាក់នោះទាំងកំរោល ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យនាងរងគ្រោះរងរបួសថ្ពាល់ស្ដាំ និងដៃស្ដាំធ្ងន់ធ្ងរដួលដេកក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់ខាងលើ បានរត់ទៅចូលទៅសម្ងំនៅផ្ទះរបស់ខ្លួន ដោយមិនបានរត់គេចខ្លួនទៅណានោះឡើយ។ ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ នាំទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការច្បាប់ ។
ដោយឡែកក្រុមគ្រួសារជនដៃដល់រូបនោះ បានប្រាប់ឲ្យដឹងថា ឈ្មោះ នួន តុងហាក់ មានប្រពន្ធ និងកូនប្រុស១នាក់ កូនស្រី១នាក់ហើយកាលពីមុន គឺជាមនុស្សម្នាក់ដែលមានចរិកស្លូតបូត មិនដែលចេះរករឿងវាយកាប់ចាក់នរណាឡើយ ប៉ុន្តែរយៈពេល១ឆ្នាំចុងក្រោយនេះ ប្រពន្ធតែងតែធ្វើបាបរហូត មិនតែប៉ុណ្ណោះប្រពន្ធបានរត់ចោលទៅមានប្រុសថ្មីម្នាក់ទៀត ហើយតែតែថតរូបឱបថើបគ្នា ជាមួយអ្នកថ្មីបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកឲ្យជននេះឃើញថែមទៀតផង ។
ក្រុមគ្រួសារដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលឃើញរូបប្រពន្ធនេបនិត្យជាមួយអ្នកថ្មីបែបនេះ បានធ្វើឲ្យបុរសខាងលើខូចចិត្តកាន់ខ្លាំងឡើងបន្តិចម្ដងៗ រហូតក្លាយជាមនុស្សរោគចិត្តសសៃប្រសាទតែម្ដង។ នៅពេលផឹកស្រាម្ដងៗ លែងសូវដឹងខុសត្រូវអ្វីឡើយ ប៉ុន្តែកន្លងមកមិនដែលបង្កអំពើហិង្សាលើអ្នកនរណានោះទេ រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រពន្ធបានខលមក ហើយអ្នកទាំង២ បាននិយាយគ្នាតែ២នាក់។ ប៉ុន្តែមិនដឹងថា និយាយគ្នាពីរឿងអ្វីខ្លះនោះទេ បន្ទាប់មកបានធ្វើឲ្យជនដៃដលរូបនេះ ខូចចិត្តកាន់តែខ្លាំងថែមទៀត រហូតដល់ថ្នាក់អង្គុយយំពេញ១យប់ថ្ងៃដដែលនោះថែមទៀតផង ។
ប្រភពខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់វេលាល្ងាចថ្ងៃកើតហេតុ ជនដៃដល់នេះ បានផឹកស្រាបៀរអស់ចំនួន៣កំប៉ុង បន្ទាប់មកបានដេកលើអង្រឹងនៅផ្ទះ។ លុះក្រោយមកក៏បានក្រោកដើរចេញពីអង្រឹងទាញពូថៅ ទៅធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបែបនេះតែម្ដង ហើយក្រោយកាប់រួចអត់រត់ទៅណានោះទេ បានរត់ចូលក្នុងផ្ទះ។ ពេលនោះ ស្ត្រីជាម្ដាយបានសួរថា ហេតុអ្វីបានជាកូនទៅកាប់គេបែបនេះ ប៉ុន្តែជនដៃដល់ បាននិយាយប្រកែកបែបរវើរវាយថា ខ្លួនមិនបានកាប់នរណាទេ ក្រោយមកក៏ត្រូវបាននគរបាលចុះទៅឃាត់ខ្លួនតែម្ដង ៕











ចែករំលែកព័តមាននេះ