រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្ត និងអស់សំណើចនឹងសម្តីអ្នកនយោបាយថៃដែលលើកឡើងថា បញ្ហាផ្ទៃក្នុងប្រទេសរបស់ថៃបច្ចុប្បន្ន គឺកើតឡើងដោយសារតែកម្ពុជាជាអ្នករៀបចំផែនការ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា កន្លងមក កម្ពុជារក្សាភាពអត់ធ្មត់ណាស់ ព្រោះមិនចង់លូកដៃផ្ទៃក្នុងរបស់ប្រទេសគេ តែបែរជាមកទម្លាក់កំហុស និងដាក់សម្ពាធមកលើកម្ពុជា ហើយថែមទាំងចោទកម្ពុជាថា ជាអ្នករៀបចំផែនការឱ្យមានជម្លោះផ្ទៃក្នុងប្រទេសថៃទៅវិញទៀត ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ ហេតុនេះ សូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីក៏បានដាក់សំណួរទៅវិញថា តើបញ្ហាថៃថ្នាក់ដល់កម្ពុជាជាអ្នករៀបចំឬ?
ទន្ទឹមគ្នានេះ សម្តេចថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឱ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់ ។
ជាងនេះទៀត សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាអត់លឹបលៗទេ កម្ពុជារង់ចាំ អ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា ។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន ។
បន្ថែមពីនេះ សម្ដេចធិបតីបានបញ្ជាក់ដែរថា កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទី យន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះ ខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។
ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននៅបញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ
តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ ហេតុនេះ សូមភាគីថៃក្លាហានដោះស្រាយនៅតុលាការអន្តរជាតិ ICJ ៕
ចែករំលែកព័តមាននេះ