រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ»។

តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកបន្ថែមថា «យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និង ប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ ។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង»។
បើតាមសម្ដេចធិបតី ស្ថិតក្នុងសភាពការណ៍ចំពោះមុខនៃការប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោក បាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី (New normal)។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួន ឱ្យកាន់តែរឹងមាំ និងបង្កើនភាពម្ចាស់ការលើមូលដ្ឋានសំខាន់ នឹងចាំបាច់ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហា និងវិបត្តិនានាប្រកបដោយភាពធន់។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញអនុវត្តបេសកកម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដោយឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ និងបន្តជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ព្រមទាំងវិធានការគន្លឹះទាំង ៥ ក៏ដូចជាវិធានការកែទម្រង់ជាក់ស្តែងនានាទៀត ដែលត្រូវបន្ត អនុវត្តឱ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដើម្បីឆ្លើយតបនឹងសំណូមពរ, សេចក្តីត្រូវការ, ការរំពឹងទុក និងក្តីប្រាថ្នា របស់ប្រជាពលរដ្ឋយើង៕
ចែករំលែកព័តមាននេះ