រាជធានីភ្នំពេញ ៖ សណ្ឋាគារ (Wyndham Grand Phnompenh Capital )ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឡោមព័ទ្ធឆែកឆេរបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) ដោយឃាត់ខ្លួនជនបរទេសចំនួន៣១១នាក់មាន៥សញ្ជាតិព្រមទាំងដកហូតវត្ថុតាងយ៉ាងច្រើន ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ រហូតដល់យប់ជ្រៅនៅចំណុចទីតាំងសណ្ឋាគារ ដែលស្ថិតនៅមុខស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន , ឧត្តមសេនីយ៍ត្រី ចាន់ គ្រឹះស្នា ស្នងការរងនគរបាលរាជធានីភ្នំពេញ ការិយាល័យចំណុះផែន និងអធិការខណ្ឌដូនពេញ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុប ជនបរទេសសរុបចំនួន ៣១១នាក់ មាន ៥ សញ្ជតិ ដូចជា៖ ចិន២៥៤នាក់ (ស្រី១៨) ក្នុងនោះ តៃវ៉ាន់១៨២នាក់ (ស្រី១៤) គ្មានលិខិតឆ្លងដែន ១៤៤ នាក់ ។ ម៉ាឡេស៊ី ៣០ នាក់ (ស្រី០៣នាក់) ,វៀតណាម ២៣ នាក់ (ស្រី ០៩នាក់ ) ,ឥណ្ឌា ០២ នាក់ ស្រី (ស្រី ០១នាក់) និងដកហូតដកហូតវត្ថុតារួមមាន៖ ទូរស័ព្ទដៃ ៦១៥ គ្រឿង Laptop ១៤០ គ្រឿង,All in One ៣១ គ្រឿង, Monitor ៦ គ្រឿង, CPU = ៣ គ្រឿង។
តាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចសន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចជាអូសទាញអោយវិនិយោគ (Investment Scams) ,ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅអតិថិជនទៅប្រទេសម៉ាឡេស៊ី ។,ឆបោកលួងលោមទាក់ទងនឹងការល្បួងឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto),ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់ ,ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន ចំពោះជនបរទេសចំនួន៣១១នាក់ រួមនិងសម្ភារវត្ថុតាងត្រូវបាមប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ