ប្រធានសមាគមសិល្បៈករខ្មែរ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំអ្នកសិល្បៈប្រមាណ១៥០នាក់ ក្នុងគោលបំណងផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តជូនដល់កងទ័ពការពារព្រំដែនកម្ពុជា-ដៃក្នុងស្មារតីខ្មែរតែមួយ ។

ក្នុងឱកាសនោះ សមាគមក៏បាននាំយករួមទាំងថវិកា និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខដែរ ដែលពិធីនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងខេត្តព្រះវិហារ ។
ដំណើរមកកាន់ខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ក៏ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានថវិកាសរុបប្រមាណជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយថវិកា និងគ្រឿងឧបភោគ បរិភោគទាំងនោះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ចាត់ចែងតាមភាពជាក់ស្តែងក្នុងការងារ និងបច្ចេកទេសកងទ័ពកម្ពុជា ។

ដោយឡែក វត្តមាននៅតំបន់ជួរមុខនាពេលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានប្រតិភូសមាគមសិល្បករខ្មែរបានបញ្ជាក់ថា នេះជាបេសកកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែលថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរ បានមូលមតិគ្នា រៀបចំនូវរបស់របរប្រើប្រាស់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្សេងទៀត ធ្វើដំណើរដោយផ្ទាល់មកទីនេះ ក្នុងន័យចង់បញ្ជាក់ពីក្តីគោរពស្រលាញ់ សាមគ្គីភាពរួមគ្នាជាធ្លុងមួយក្នុងនាមខ្មែរតែមួយ ហើយការលះបង់ ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងមិនអាចគណនាបាន ទោះក្នុងកាលៈទេសៈណា បេះដូងដែលមានឈាមជ័រខ្មែរតែមួយ ពួកយើងនឹងបន្តកៀកស្មារួមគ្នាជានិច្ច ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ថា ថ្វីដ្បិតថា ទាំងចំនួនថវិកា, របស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែធាតុពិតនៅពីក្រោយនេះ គឺស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិកម្ពុជាយើង ។

លោកជំទាវឧកញ៉ាប្រធានសមាគមសិល្បៈខ្មែរក៏បានថ្លែងការកោតសរសើរ និងចងចាំជាប់ជានិច្ចនូវស្មារតីមហាសាមគ្គីប្រកបដោយឆន្ទ:មនសិកាស្នេហាជាតិរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួនរួចំណែកក្នុងដំណើរការនៃ «មូលនិធិស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» តាំងពីថ្ងៃចាប់ផ្តើម។

លោកជំទាវឧកញ៉ាបញ្ជាក់ថា ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ សិល្បការិនី ជាសមាជិកទាំងអស់ ក៏មាននូវសន្ដានចិត្តដ៏ប្រពៃចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពផងដែរ ៕






ចែករំលែកព័តមាននេះ