ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​ម្នាក់ ជិះ​ម៉ូតូ​​ស្គូ​​ពី​បុ.ក​ម៉ូតូ​ហុងដា​ឌ្រី​ម​ឆ្លងផ្លូវ នាង​របួសធ្ង.ន់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​បុរស​ជាង​ធ្វើ​វិហារ​វត្ត​ជម្ពូ​វ័ន​ម្នាក់ កំពុង​បើក​ឆ្លងផ្លូវ បណ្ដាល​ដួល​ទៅ​លើ​ថ្នល់ ហើយ​ក្មេង​សិស្ស​ស្រី​ខាងលើ​បាន​រង​របួស​ធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​វត្ត​ជម្ពូ​វ័ន និង​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ឃាង វិ​ជ្ជ​រ៉ា អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩L វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន មានស្រុក​កំណើត​នៅ​ភូមិ​កង​តា​ណឹ​ង​ទី​៨ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ។ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ចំណែកឯ​បុរស​ជា​ជាង​ធ្វើ​វិហារ​វត្ត​ជម្ពូ​វ័ន​នោះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ គាត់​រងរ​បួ​ស្រាល​ប៉ុណ្ណោះ ។

បើ​តាម​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ដែល​កំពុង​អង្គុយ​ចាំ​ម៉ូយ​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន​នោះ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ​គាត់​បានឃើញ​ក្មេង​ស្រី​សិស្សសាលា​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HA-8717 ។ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​ជាង​វិហារ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-1896 ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ចូល​ទៅ​កាន់​វត្ត​ជម្ពូ​វ័ន ។

បុរស​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​ភាគី​ទាំង​២​បាន​វាក់​គ្នា ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ទៅ​លើ​ថ្នល់ ហើយ​ក្មេង​ស្រី​សិស្សសាលា​នោះ​បាន​រង​របួស​ធ្ងន់ធ្ងរ ចំណែកឯ​បុរស​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​អត់​មើល​ឆ្វេង​ស្ដាំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ រង​របួសស្រាល​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់​មក​បាន​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕