ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កោះ​បាលី​ជំរុញ​ឱ្យ​មានការ​បណ្តេញ​អ្នកទេសចរ​អាកប្បកិរិយា​មិនល្អ ចំ​ពេល​មានការ​បារម្ភ​ពី​បទឧក្រិ.ដ្ឋ​កើនឡើង

1 ខែ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មន្ត្រី​ប្រចាំ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​អំពាវនាវ​ឱ្យ​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ ព្រមទាំង​ការ​បណ្តេញ​បណ្តា​ភ្ញៀវ​ទេសចរ​បរទេស​បំពាន​ច្បាប់ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ទេសចរណ៍​កោះ​បាលី ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​កើនឡើង​បទឧក្រិដ្ឋ​។ ប្រភព​ពី​កាសែត South…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មន្ត្រី​ប្រចាំ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​អំពាវនាវ​ឱ្យ​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ ព្រមទាំង​ការ​បណ្តេញ​បណ្តា​ភ្ញៀវ​ទេសចរ​បរទេស​បំពាន​ច្បាប់ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ទេសចរណ៍​កោះ​បាលី ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​កើនឡើង​បទឧក្រិដ្ឋ​។

ប្រភព​ពី​កាសែត South China Morning Post បាន​រាយការណ៍​ថា លោក Komang Nova Sewi Putra អនុប្រធាន​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​កោះ​បាលី​បាន​តស៊ូ​មតិ ចំពោះ​ការ​បណ្តេញ​ជនបរទេស​ដែល​បំពាន​ច្បាប់​ជា​វិធាន​ការណ៍​ម៉ឺងម៉ាត់ ដើម្បី​ធានា​សន្តិសុខ​របស់​កោះ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​មួយ​នេះ​។

លោក Putra បាន​ថ្លែង​ថា «​ប្រសិនបើ​យើង​ស្ថិត​នៅ​បរទេស ហើយ​ឈ្លោះ​គ្នា យើង​នឹង​ត្រូវ​បណ្តេញចេញ​ភ្លាម​ៗ​។ ហេតុ​អ្វី​បានជា​រឿង​នេះ​មិន​ត្រូវ​បាន​អនុវត្ត​នៅ​កោះ​បាលី? ពេល​ចាប់​បាន ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ទៅ​។ នេះ​នឹង​ធ្វើ​ឱ្យ​កោះ​បាលី​មាន​សុវត្ថិភាព​ជាង​មុន​»​។

បើ​យោង​តាម​កាសែត The Bali Sun បាន​រាយការណ៍​ថា លោក Nyoman Budiutama ប្រធាន​គណៈកម្មការ​នៃ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​របស់​កោះ​បាលី​បាន​សង្កត់ធ្ងន់​ថា ស្ថានភាព​សន្តិសុខ​កោះ​បាលី ទាមទារ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ជា​ពិសេស​ដោយសារ​តែ​ការ​កើនឡើង​នូវ​ករណី​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ជនបរទេស និង​ការ​បំពាន​ច្បាប់​។ លោក​បាន​បន្ថែម​ថា បទល្មើស​ដែល​លេច​ច្រើន​ជាងគេ គឺ​បទល្មើស​សាមញ្ញ​ដូច​ជា ចោរកម្ម និង​ការ​រំលោភ​បំពាន​ច្បាប់​ចរាចរណ៍​របស់​ជនបរទេស ក៏​ដូច​ជា​ការ​រំលោភ​លើ​ប័ណ្ណ​ស្នាក់​នៅ ដែល​ប្រើប្រាស់​សម្រាប់​គោលបំណង​អាជីវកម្ម​។

ទិន្នន័យ​បាន​បង្ហាញ​ថា ប៉ូលិស​កោះ​បាលី​បាន​កត់ត្រា​ហេតុ​ការ​ចំនួន​៣ ៥៣៨​ករណី នៃ​ការ​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ ចាប់ពី​ខែមករា ដែល​ពាក់ព័ន្ធ​ទាំង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​ជនបរទេស ដោយនៅ​ក្នុង​នោះ​មាន​២ ៧៧៦​ករណី ជា​ករណី​ព្រហ្មទណ្ឌ រួម​មាន​បទល្មើស​សាមញ្ញ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​រំលោភ​បំពាន​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។ បទល្មើស​ប្រព្រឹត្ត​ដោយ​ជនបរទេស​ភាគច្រើន​គឺ​ការ​វាយដំ និង​ការ​ក្លែងបន្លំ ចំណែក​បទល្មើស​ប៉ះពាល់​ដល់​ជន​រង​គ្រោះ​ជនបរទេស​ភាគច្រើន​គឺ​ករណី​ចោរលួច ប្លន់ និង​ជំរិត​ទារប្រាក់​។

កោះ​បាលី​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា កោះ​ដ៏​ស្រស់​ស្អាត​បំផុត​របស់​អាស៊ី​នៅ​ក្នុង​ពានរង្វាន់ Reader’s Choice Awards ប្រចាំឆ្នាំ ដោយ​ទស្សនាវដ្តី DestinAsian ។ កាលពី​ខែតុលា ឆ្នាំ​មុន កោះ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដូច​គ្នា​ពី​ទស្សនាវដ្តី​ទេសចរណ៍ Condé Nast Traveler នៅ​ក្នុង​ពានរង្វាន់ Readers’ Choice Awards របស់​ខ្លួន​។

កោះ​បាលី​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤ ដែល​លើស​ពី​កម្រិត​មុន​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ហើយ​មាន​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​ដល់ ៦,៥​លាន​នាក់​នៅ​ឆ្នាំ​នេះ​។ ជាមួយ​គ្នា​នោះ ដើម្បី​ដោះស្រាយ​អាកប្បកិរិយា​មិន​សមរម្យ និង​កែ​លម្អ​រូបភាព​ទេសចរណ៍​អវិជ្ជមាន​របស់​ខ្លួន ចំ​ពេល​មាន​សន្ទុះ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ​នោះ កោះ​បាលី​បាន​បង្ហាញ​គោលការណ៍​ណែនាំ​ថ្មី សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ត្រូវ​អនុវត្ត​តាម​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ