ផលវិបាកនៃការគេងមិនគ្រប់គ្រាន់ចំពោះសុខភាព
ការគេងមិនបានគ្រប់គ្រាន់ គឺជារឿងធម្មតាមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ប៉ុន្តែផលវិបាករបស់វា គឺធ្ងន់ធ្ងរណាស់ ។ ការខ្វះការគេងអាចប៉ះពាល់ដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ។
១.ផលប៉ះពាល់ដល់សុខភាពផ្លូវកាយ
ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកា T (T-cells) និង Cytokines ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ ។ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ ភាពស៊ាំរបស់អ្នកនឹងចុះខ្សោយ ធ្វើឱ្យអ្នកងាយនឹងកើតជំងឺផ្តាសាយ គ្រុនក្តៅ និងជំងឺផ្សេងៗទៀត ។
ជំងឺទឹកនោមផ្អែម៖ ការគេងមិនគ្រប់គ្រាន់អាចបង្កើនកម្រិតអាំងស៊ុយលីន (Insulin) នៅក្នុងខ្លួន ដែលអាចនាំឱ្យមានភាពស៊ាំនឹងអាំងស៊ុយលីន (Insulin Resistance) និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។
ជំងឺបេះដូង៖ ការគេងតិចពេកអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ ដែលជាកត្តាហានិភ័យដ៏សំខាន់នៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
២.ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
ពិបាកផ្ចង់អារម្មណ៍៖ ការខ្វះការគេងអាចធ្វើឱ្យការចងចាំ និងសមត្ថភាពក្នុងការផ្ចង់អារម្មណ៍របស់អ្នកថយចុះ។
អារម្មណ៍មិនល្អ៖ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកនឹងងាយមានអារម្មណ៍ឆាប់ខឹង តានតឹង និងថប់អារម្មណ៍។
កាត់បន្ថយសមត្ថភាពក្នុងការសម្រេចចិត្ត៖ ការគេងមិនគ្រប់អាចប៉ះពាល់ដល់ការគិតឡូហ្ស៊ិច (Logical thinking) និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ។
គន្លឹះដើម្បីគេងបានគ្រប់គ្រាន់
-បង្កើតទម្លាប់ចូលគេង និងក្រោកពីដំណេកទៀងទាត់។
-ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងមុនពេលចូលគេង។
-ធ្វើលំហាត់ប្រាណជាប្រចាំ ប៉ុន្តែគួរធ្វើមុនពេលចូលគេងយ៉ាងតិច២ ទៅ៣ ម៉ោង។
-ត្រូវប្រាកដថា បន្ទប់គេងរបស់អ្នកងងឹត ស្ងាត់ និងមានសីតុណ្ហភាពសមល្មម ។
ការគេងឱ្យបានគ្រប់គ្រាន់ គឺជាផ្នែកសំខាន់មួយនៃជីវិតដ៏មានសុខភាពល្អ ។ ប្រសិនបើអ្នកមានបញ្ហាដំណេក អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយ ៕
ចែករំលែកព័តមាននេះ