ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្រុមក្មេងទំនើងចូលចិត្ដដើរយប់ជ្រៅរំខានសមត្ថកិច្ចមានអាវុធដាវ-កាំបិត និងជំពាមកៅស៊ូដាក់តាមខ្លួន ត្រូវឃាត់ខ្លួន ។

ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាវេលាម៉ោង០០:២៩នាទី អធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាឬស្សី ធ្វើការល្បាតដល់ចំណុចផ្លូវបេតុង ភូមិតារាជ ឃុំមហាឬស្សី ស្រុកគងពិសី ក៏ប្រទះឃើញមុខសញ្ញាក្មេងចំនួន៣នាក់ ៖

១-ឈ្មោះ មាន គឹមហាន ហៅ គឹមហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ។
២-ឈ្មោះ ធី សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី។
៣-ឈ្មោះ សុខ សឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ជិះម៉ូតូ១គ្រឿង ៣នាក់ ម៉ាកហុងដាC125 ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ឡើងតែម ឆ្នាំ២០២២ គ្មានស្លាកលេខ ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ក្រោយសមត្ថកិច្ចឃាត់និងដោយមានការសង្ស័យសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញមានដាវដែកចំនួន១ដើម និងចំពាមកៅស៊ូ១ គ្រាប់ ថ្មចំនួន៤គ្រាប់ ហើយសមត្ថកិច្ចបាននាំបញ្ជូនជនទាំង៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងបន្ដចំណាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ